ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឆ្នាំក្រោយ
ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះ ។ លិខិតអញ្ជើញរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយឯ,ឧ Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯ,ឧ កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា លិខិតទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក។

ឯ,ឧ អះអាងថា៖ «អ្វីដែលសំខាន់ក្នុងលិខិតនេះ ឯកឧត្តម ប្រធានាធីបតីដូណាល់ត្រាំ បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ហើយដោយសារតែអាមេរិក ជាដៃគូយុទ្ធសាស្រ្តរបស់អាស៊ាន អញ្ចឹងសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងជំនួបនេះថា សម្តេចគាំទ្រគំនិតផ្តួចផ្តើម នូវកិច្ចប្រជុំពិសេស នៅសហរដ្ឋអាមេរិកនេះ»។

ឯ,ឧ បានបន្តថា នៅក្នុងជំនួបនោះ សម្តេចតេជោបានជម្រាបទៅអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា ដោយសារអាស៊ាន និងអាមេរិក មានកិច្ចសហប្រតិបត្តិការច្រើនគ្រប់វិស័យ ហើយសម្តេចគាំទ្រដល់កិច្ចប្រជុំនេះពេញទំហឹងដើម្បីផលប្រយោជន៍ទាំងសង្ខាង ជាពិសេសផលប្រយោជន៍តំបន់អាស៊ាន ហើយសម្តេចអះអាងថា សម្តេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីបានការគាំទ្រជាឯកច្ឆ័ន្ធ ចំពោះការរៀបចំកិច្ចប្រជុំនៅពេលខាងមុខនេះ។

ឯ,ឧ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអះអាងថា «គោលជំហរសម្តេចមានការច្បាស់លាស់ គឺសម្តេចគាំទ្រណាស់ ក្នុងការធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្រ្ត អាស៊ាន-អាមេរិក បន្តរីកចម្រើន ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក»។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្តថា៖ កិច្ចប្រជុំអាស៊ាន-អាមេរិក ជាឱកាសមួយដ៏ល្អសម្រាប់អាស៊ានក្នុងការបន្តធ្វើការងារជាមួយ សហរដ្ឋអាមេរិកសម្រាប់ផលប្រយោជន៍តំបន់។

បន្ថែមលើសពីនោះទៀត ឯ,ឧ កៅ គឹមហួន បានថ្លែងបញ្ជាក់ថា ប្រទេសឡាវក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងជាប្រទេសសម្របសម្រួលអាស៊ានជាមួយ អាមេរិក គឺឡាវបានគាំទ្រទាំងស្រុងចំពោះកិច្ចប្រជុំនេះ និងទាំងបានសន្យាថានឹងជួយសម្របសម្រួលដល់ប្រទេសជាសមាជិកអាស៊ាន ទាំងអស់គាំទ្រដល់កិច្ចប្រជុំនេះ៕

 

 

 


អត្ថបទទាក់ទង