ក្រុមនារីកម្ពុជាទាំងពីរក្រុម នឹងក្រុមយុវជនកម្ពុជាមួយក្រុម យកឈ្នះគូរប្រជែងរៀងខ្លួន ឡើងវគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក លើកទី១៧
ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រុមនារីកម្ពុជាទាំងពីរក្រុម នឹងក្រុមយុវជនកម្ពុជាមួយក្រុម បានយកឈ្នះគូប្រជែងរៀនខ្លួនឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកលើកទី១៧ ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិកកម្ពុជា ក្រោយធ្វើការប្រកួតអស់រយៈពេលពីរថ្ងៃ។
  ក្រុមនារីកម្ពុជាទី១ កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកែវ វណ្ណា បានយកឈ្នះ ក្រុមនារីហ្វាំឡង់  ១២ទល់នឹង១១ ចំណែកក្រុមនារីកម្ពុជាទី២ កីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា វង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមកីឡាការិនីចិន ១៣ទល់៦ រីឯក្រុមយុវជនកម្ពុជាមួយក្រុមទៀត បានយកឈ្នះក្រុមឆេក ១៣ទល់២ លើវិញ្ញាសារ៣នាក់ទល់៣នាក់ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ។
គួរដឹងដែរថា ស្អែកនេះកីឡាការនី កែ ឡេងនឹងត្រូវប្រកួតវិញ្ញាសាវាយយកពិន្ទុ ដើម្បីការពារតំណែងជើងឯកបីសម័យការជាប់គ្នា តែធ្លាប់ដណ្ដើមបានការអំពីឆ្នាំ២០១៣ ២០១៥ និង២០១៧ ៕