ខ្លាំងមែន!! ស្ត្រីជើងល្អម្នាក់ និងបក្ខពួក យកឈ្មោះប្រធានផ្សារច្បារអំពៅដើរប្រមូលលុយពីអ្នកលក់ដូរលើចំណីផ្លូវ មិនបាន នាំគ្នាព្រួតវ៉ៃបុរសម្នាក់ដល់បែកចញ្ចើម
ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកលក់ចាខ្វៃលើចំណីផ្លូវក្បែរផ្សារច្បារអំពៅ ត្រូវបានស្ត្រីជើងល្អម្នាក់ រួមនិងបក្ខពួកនាំគ្នាព្រួតវ៉ៃបែកចញ្ចើមហូរឈាមពេញផ្ទៃមុខ បន្ទាប់ពីរូបនាងនិងបក្ខពួកទាលុយពីបុរសរងគ្រោះមិនបាន កាលពីវេលាម៉ោង៤ ប្រមាណ៥0នាទីជិតភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានច្បារអំពៅចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
    
    បុរសរងគ្រោះបែកចញ្ចើមខាងលើមានឈ្មោះ សុខ ប្រុស អាយុ៤២ឆ្នាំ មុខរបបលក់ ចាខ្វៃតាមរទេះរុញ ស្នាក់នៅផ្ទះលេខ ៤៨២ ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកស្ត្រីដៃដល់ មានឈ្មោះទូច  ជាអ្នកលក់ផ្លែឈើនៅលើផ្លូវសាធារណៈ គល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត នៅជាប់ច្រលចូលផ្សារច្បារអំពៅប៉ែកខាងត្បូង ។

    បើតាមសម្ដីបុរសរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកពត៍មាន នៅរសៀល ថ្ងៃទី២១ វិច្ឆិកា ២០១៩នេះថា រាល់ថ្ងៃនាពេលជិតភ្លឺ រូបលោកតែងតែរុញរទេះទៅលក់ចាខ្វៃ និងស្លឹកតយ នៅចំណុចគល់ស្ពានច្បារអំពៅ (ក្បែរផ្សារ) ត្រង់ចំណុចកើតហេតុដូចសព្វដង ព្រមទាំងមានស្ត្រីម្នាក់តែងតែមកទាលុយពីគាត់ចំនួន២មុឺនរៀល ថ្លៃភាសុី ដោយយកឈ្មោះលោកប្រធានផ្សារអំពៅ ជាអ្នកឲ្យដើរប្រមូល ។ តែដោយសាររូបលោកមិនដឹងប្រវត្តិ និងតួរនាទីស្ត្រីខាងលើជាអ្វីឲ្យពិតប្រាកដ ទើបគាត់មិនឲ្យលុយ ខណៈស្ត្រីជាងល្អខាងលើបានមកទា២,៣ដងមកហើយមិនបាន រហូតនៅថ្ងៃកើតហេតុ ស្ត្រីរូបនោះនិងបក្ខពួកបាននាំគ្នាឈ្លោះជាមួយគាត់ ព្រមទាំងប្រើហិង្សាវាយគាត់បែកចញ្ចើមហូរឈាមពេញផ្ទៃមុខ និងយកកាំបិតទៅអុកលើរទេះរបស់គាត់ទៀត តែមិនបណ្ដាលឲ្យខូចខាតនោះទេ ។
 
     ក្រោយកើតហេតុ ភាគីខាងស្ត្រីជើងល្អក៏បាននាំគ្នាចេញទៅអស់ រីឯបុរសរងគ្រោះបានត្រឹមទៅលាងរបួស និងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់រូបលោក ។

     ជាមួយគ្នានេះដែរអ្នកយកពត៍មានបានសាកសួរទៅលោកប្រធានផ្សារច្បារអំពៅផងដែរថា តើរូបលោកមានឲ្យស្ត្រីម្នាក់ ឬបុគ្គលណា ដើរយកលុយពីប្រជាពលរដ្ឋលក់ដូរតាមចញ្ចើមផ្លូវក្បែរផ្សារច្បារអំពៅ ឬទេ ? ហើយលោកប្រធានផ្សារក៏បានឆ្លើយថា គាត់មិនដែលឲ្យនរណាម្នាក់យកលុយពីប្រជាពលរដ្ឋលក់ដូរលើចំណីផ្លូវនោះទេ ។          
     ករណីនេះមិនអាចសុំការបំភ្លឺពីភាគីខាងស្ត្រីខាងលើបាននោះទេ ចំពោះបញ្ហាខាងលើនេះ មានតែរង់ចាំមើលសមត្ថកិច្ចជំនាញរបស់ប៉ុស្ដិ៍នគរបាលច្បារអំពៅ២ រកដំណោះស្រាលដល់បុរសរងគ្រោះតែប៉ុណ្ណោះ ៕ សណ្តោស

 

 

 


អត្ថបទទាក់ទង