ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងក្រឡាប់កិនស្លាប់យ៉ាងអាណោចអធម៌
ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងល្បឿនលឿន ហើយបានរេចង្កូតរអិលក្រឡាប់ទៅសង្កត់លើផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រងការខូចខាត និងសង្កត់ក្មេងស្រីម្នាក់ទៀតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅត្រង់ចំណុចកើតហេតុនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុដោយសារតែរថយន្តបើកបរក្នុងល្បឿនលឿនពេកក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់សង្កត់ទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនិងបណ្ដាលឱ្យសង្កត់លើក្មេងស្រីម្នាក់ដែលកំពុងតែអង្គុយនៅលើចិញ្ចើមផ្លូវស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្ដង ។ ក្នុងហេតុការណ៍នេះដែរគឺមានអណ្ដាតភ្លើងឆាប់ឆេះរថយន្តបង្ក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។
    សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីខាងលើមានឈ្មោះ វន សុវាតា អាយុ៤ឆ្នាំ រស់នៅភូមិពោនសិច ឃុំជាន ស្រុកកំចាយមារ ខេត្តព្រៃវែង ។

     ក្រោយពេលកើតហេតុ គេសង្កេតឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពក្មេងស្រីដែលស្លាប់ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍សង្កត់លើ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

 

 


អត្ថបទទាក់ទង