"ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"
ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រោយពីបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនចំនួន៨ ដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមគោលដៅនៃការដ្ឋានរបស់ខ្លួន។ជាមួយក្រុមនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងមកពីអគ្គស្នងការដ្ឋានជាច្រលននាក់ផងត្រូវបានដាក់ពង្រាយដើម្បីជួយសម្រួលចរាចរណ៍ បញ្ចៀសការកកស្ទះនៅតាមការដ្ឋានធ្វើផ្លូវទាំងនេះ។

ក្រៅពីស្ដាបនាផ្លូវជាច្រើនខ្សែក្នុងក្រុងព្រះសីហនុ ការកសាងផ្លូវល្បឿនលឿន ការពង្រីកផ្លូវជាតិលេខ៤ ការពង្រីកកំពង់ផែទឹកជ្រៅ និងការពង្រីកព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ក៏កំពុងយកចិត្តទុកដាក់ជាខ្លាំងដើម្បីធ្វើឲ្យខេត្តព្រះសីហនុ ក្លាយទៅជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិ និងជាកន្លែងដ៏ទាក់ទាញបំផុតលើវិស័យសំខាន់ៗជាច្រើន ដូចជាឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

បើតាមការឲ្យដឹងពីក្រុមកងវិស្វកម្មលេខ១៧៨ ស្ពាន~ថ្នល់ ក្រសួងការពារជាតិ ដែលកំពុងបន្តការងារសំអាត កាយគាស់ និងបកភ្ជួរ តាមបណ្តោយវិថីឯករាជ្យ (ផ្លូវលេខ ១០០) បានបង្ហាញថាពួកគេបានជួបបញ្ហាប្រឈម និងផលប៉ះពាល់ មួយចំនួនដែរដូចជា៖ ១-ប៉ះសំយ៉ាប និងរបងផ្ទះ, ២-ការងារបក និងភ្ជួរ AC និងបេតុង ជួបឧបស័គ្គប៉ះវ៉ានទឹក និងបណ្តាញក្រោមដី, ៣-ផលប៉ះពាល់ប៉ាណូដែលស្ថិតនៅលេីផ្លូវ ជាដើម។ ចំពោះមុខនេះ សំណូមពរ សមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាប្រតិបត្តិករ មេត្តាចូលរួមសហការ ពិនិត្យ សម្របសម្រួល ដោះស្រាយ និងរុះរេីចេញ។

ស្ថិតក្នុងស្ថានភាពដែរ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវហើយ បានសង់សំណង់រំលោភលើផ្លូវដែលត្រូវស្ថាបនានៅពេលនេះត្រូវសហការជាមួយក្រុមការងារសាងសង់ផ្លូវ ដោយរុះរើសំណង់ប៉ះពាល់នោះចេញដោយខ្លួនឯងដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការការងារដោយគ្មានការរាំងស្ទះ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដប្រកបដោយគុណភាព គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់ការអភិវឌ្ឍនៅខេត្ដព្រះសីហនុ។ តាមរយៈរូបមន្ត "ស្លឹកត្នោត ខ្ចប់ស្ករត្នោត" ថវិកាជិត ៣០០លានដុល្លារសហរដ្ឋអាមេ៉រិក ត្រូវបានអនុម័ត្តដើម្បីកសាង
ផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ឡើងវិញ មានប្រវែងជាង ៨៤គីឡូម៉ែត្រ ។

បន្ថែមលើសនេះគម្រោងស្តារលូ ប្រឡាយទឹកកខ្វក់ អាងចម្រោះទប់ស្កាត់ទឹកសំអុយហូរចូលសមុទ្រ ការរៀបចំបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ការរៀបចំឲ្យប្រសើរឡើងនូវតំបន់ទេសចរណ៍ កំពុងត្រូវបានយកចិត្តទុកដាក់ផងដែរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាសំដៅប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាប៉ូលអភិវឌ្ឍន៍មួយដ៏សំខាន់ទៅជាទីក្រុងឆ្លាតវៃ និងតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងច្រកចេញចូលអន្ដរជាតិ៕ធ.ដ

ដោយ៖ខៀវ សាវ៉ុន