វៀតណាមប្រឈមនឹងការខ្វះសាច់ជ្រូកបរិភោគ ដោយសារបញ្ហាប៉េសជ្រូកអាហ្វ្រិក
ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានឲ្យដឹងថា វៀតណាមប្រហែលជាត្រូវខ្វះខាតបរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក។

លោក ភុង ឌុចទៀន អនុរដ្ឋមន្រ្តីកសិកម្មវៀតណាម កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រាប់ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានបណ្តាលឲ្យសត្វជ្រូកនៅវៀតណាមងាប់សរុបជិត ៥.៩លានក្បាល ឬស្មើនឹងសាច់ជ្រូក ៣៣៧,០០០តោន។

គួរជម្រាបថា កំឡុងការបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក វួង ឌិញហឺ បានទទូចដល់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការគណនាឲ្យបានដិតដល់ អំពីការខ្វះខាតនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស ហើយនិងពិចារណាលើការនាំចូលសាច់ជ្រូក បន្ថែមពីបរទេស ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រងការកើនឡើងតម្លៃនៃសត្វជ្រូក និងកាត់បន្ថយអតិផរណា។
យោងតាមការព្យាករណ៍ អត្រានៃការផលិតសាច់ជ្រូកនៅវៀតណាម នឹងធ្លាក់ចុះ ១៥-២០ភាគរយនៅឆ្នាំ ២០១៩នេះ ធៀបនឹងឆ្នាំទៅមិញ៕ធ.ដ


អត្ថបទទាក់ទង