សហរដ្ឋអាមេ៉រិក និងកូរ៉េខាងត្បូងបរាជ័យក្នុងកិច្ចចរចាគ្នាលើរឿងវិភាគទានយោធា
ថ្ងៃ ពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ កិច្ចចរចាវិភាគទានយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិកបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា និង បញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ប៉ុន្តែមិនមានលទ្ធផលអ្វីពីការចរចាឡើយ ។

អ្នកចរចាតំណាងអាមេ៉រិក លោក James DeHart បានដើរចេញពីកិច្ចប្រជុំ ដោយ សារតែភាគីកូរ៉េខាងត្បូងមិនទទួលសំណើរបស់ភាគីអាមេ៉រិក ដែលទាមទារឲ្យទីក្រុងសេអ៊ូលជួយកាត់បន្ថយការចំណាយ និង បន្ទុករបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Jame បានប្រាប់មូលហេតុការដើរចេញពីកិច្ចប្រជុំថា ភាគីអាមេ៉រិកចង់ទុកពេលឲ្យកូរ៉េខាងត្បូងពិចារណា និងដាក់សំណើជាថ្មី ដើម្បីឲ្យភាគីទាំងសងខាងអាចបង្កើតកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបាន ។

លោកបន្ថែមថា កិច្ចចរចានឹងធ្វើម្តងទៀត នៅពេលទីក្រុងសេអ៊ូលបានត្រៀមខ្លួនរួចរាល់ ។ រីឯភាគីកូរ៉េខាងត្បូងសន្យាថា នឹងធ្វើការយ៉ាងអត់ធ្មត់ និងខិតខំបន្ថែមទៀត ដើម្បីសម្រេចកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរអាចទទួលយកបាន នេះបើតាមការអះអាងរបស់អ្នកចរចាតំណាងកូរ៉េខាងត្បូងលោក Jeong Eun-bo ។

គួរបញ្ជាក់ថា តាមរយៈកិច្ចចរចាពីរថ្ងៃនេះ ខាងភាគីអាមេ៉រិកបានទាមទារឲ្យកូរ៉េខាងត្បូងត្រូវបង់វិភាគទានយោធាច្រើនជាងពេលបច្ចុប្បន្នរហូតដល់ទៅ៥ដង ពោលគឺទីក្រុងវ៉ាស៊ីនតោនបានទាមទារឲ្យទីក្រុងសេអ៊ូល ចំណាយថវិការហូតដល់៥ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ខណៈពេលកូរ៉េខាងត្បូងបង់ត្រឹមតែ៨៧០លានដុល្លារប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៩ សម្រាប់កងទ័ពអាមេ៉រិកជិត៣ម៉ឺននាក់ ៕ធ.ដ


អត្ថបទទាក់ទង