ប្រមុខការបរទេសហ្ស៊កដានីព្រមានថា ការគំាទ្ររបស់សហរដ្ឋអាមេ៉រិកចំពោះការតំាងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank នឹងបង្កគ្រោះថ្នាក់ធំ
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហ្ស៊កដានី៖ រដ្ឋមន្រ្តីការបរទេសហ្ស៊កដានីលោក Ayman Safadi បានព្រមានថាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេ៉រិក នៅថ្ងៃចន្ទម្សិលមិញ លើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលពួកគេកាន់កាប់នោះ នឹងមានផលវិបាកដ៏គ្រោះថ្នាក់ លើការរំពឹងទុកនៃដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ។

ការកត់សម្គាល់បែបនេះរបស់លោក Ayman Safadi បានកើតមានក្រោយរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃចន្ទដដែលនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការបញ្ជូនប្រជាជនរបស់ខ្លួន ឱ្យទៅរស់នៅលើតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន លែងជាទង្វើខុសច្បាប់អន្តរជាតិទៀតហើយ ខណៈការលើកឡើងបែបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ។

សូមជម្រាបផងដែរថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីនតំបន់ West Bank ចាប់តាំងពីឆ្នាំ១៩៦៧ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ។ បច្ចុប្បន្នប្រជាជនអ៊ីស្រាអែលជាង៦០ម៉ឺននាក់កំពុងរស់នៅតំបន់ West Bank និង ទីក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន២.៩លាននាក់ ៕ធ.ដ


អត្ថបទទាក់ទង