មនុស្សស្លាប់៤នាក់ និងរបួស៦នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយអំឡុង ការប្រកួតកីឡាបាល់ឱបនៅរដ្ឋកាលីហ្វ័រញ៉ា
ថ្ងៃ អង្គារ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ មនុស្ស៤នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកថ្មីមួយទៀតនៅសហរដ្ឋអាមេ៉រិក អំឡុងមនុស្សជាច្រើនកំពុងទស្សនាការប្រកួតបាល់ឱបនៅមណ្ឌលកីឡាមួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។

មន្រ្តីប៉ូលិសត្រូវបានហៅឱ្យទៅកន្លែងកើតហេតុនោះ បន្ទាប់ពីមនុស្សម្នាក់បានបាញ់ប្រហារទៅលើហ្វូងមនុស្សប្រហែល៣៥នាក់ ដែលបានប្រមូលផ្តុំគ្នាមើលការប្រកួតបាល់នេះ ស្ថិតនៅក្រៅទីក្រុង ហ្វ្រេស្នូ ក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ បើតាមប្រធានប៉ូលិសទីក្រុងនេះ គឺលោក ម៉ៃឃើល រីត បាននិយាយថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង៦ល្ងាច (ម៉ោងក្នុងតំបន់) ភ្លាមៗនោះ គេនៅមិនដឹងថា មានអ្នកវាយប្រហារប៉ុន្មាននាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនេះនៅឡើយទេ ។

ទន្ទឹមគ្នា អ្នកនាំពាក្យប៉ូលិសបាននិយាយទៀតថា ក្រុមមន្ត្រីបាន និងកំពុងពិនិត្យមើលកាមេរ៉ាសុវត្ថិភាព និង សួរនាំក្រុមមនុស្សឃើញហេតុការណ៍នេះដើម្បីឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យ ៕ធ.ដ


អត្ថបទទាក់ទង