គ្រោះថ្នាក់ចរាចរណ៍នៅថៃសម្លាប់មនុស្ស១៤៤១៧នាក់ហើយ នាឆ្នាំ២០១៩
ថៃ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ តាំងពីដើមឆ្នាំ២០១៩មក មាន១៤៤១៧នាក់ហើយ ខណៈដែលមានអ្នករងរបួសជិត៨សែននាក់ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនការពារជនរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករបស់ថៃ ចេញផ្សាយដោយសារព័ត៌មាន NNT នៅថ្ងៃទី១៨ វិច្ឆិកានេះ។
ប្រភពពីក្រុមហ៊ុន Thailand’s Road Accident Victims Protection Company Limited បានឲ្យដឹងទៀតថា មនុស្សច្រើនជាង១៥០០០គ្រួសារបានបាត់បង់សមាជិកជាទីស្រលាញ់របស់ពួកគេ ហើយការរបួសរបស់សមាជិកបានធ្វើឲ្យបាត់បង់ឪកាសរកចំណូល ស្របពេលដែលភាគច្រើននៃអ្នករងរបួសមិនអាចវិលមករកជីវិតធម្មតាវិញទេ ឬអសមត្ថភាព។
របាយការណ៍នេះបង្ហាញឲ្យដឹង ខណៈដែលប្រទេសថៃចូលរួមរម្លឹកថ្ងៃជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ សប្តាហ៍ទី៣ នៃខែវិច្ចិកា ២០១៩នាពេលខាងមុខ។ទិវានេះរៀបចំឡើងដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណង ចងចាំមនុស្សរាប់លាននាក់ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការយល់ដឹងពីសុវត្ថិភាពតាមដងផ្លូវ៕ធ.ដ
