បុរសម្នាក់បើករថយន្ត lexus មួយគ្រឿងជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យគាបជាប់ក្នុងរថយន្ត
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖  បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តlexus Rx300 មួយគ្រឿង ជ្រុលចង្កូតទៅបុកឃឿនផ្លូវ និងរេចង្កូតទៅធ្លាក់ផ្លូវបណ្ដាលឲ្យគាបជាប់ម្ចាស់ក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ កាលពីវេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តlexus Rx300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2M-2313 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយបើកបរខ្វះការប្រុងប្រយ័ត្ន និងសង្ស័យស្រវឹងស្រាខ្លាំងផង ក៏រេជ្រុលទៅបុកខឿនផ្លូវមិនទាន់អស់ល្បឿនជ្រុលទៅធ្លាក់ផ្លូវបណ្ដាលឱ្យគាបជាប់ម្ចាស់រថយន្តនៅក្នុងរថយន្ត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះបឋម ដោយយកម្ចាស់រថយន្តចេញពីក្នុងរថយន្ត ហើយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ឲ្យធ្វើការទាក់ទងទៅខាងរថយន្តស្ទូចដើម្បីយករថយន្តទៅរក្សាទុកដោយខ្លួនឯង ៕ធ.ដ