គណៈប្រតិភូខេត្ត ហ៊ូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានមកទស្សនកិច្ចនៅខេត្តសៀមរាបរយ:ពេល២ថ្ងៃ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយគណៈប្រតិភូខេត្ត ហ៊ូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចនៅខេត្តសៀមរាបរយ:ពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយ ឯកឧត្តម ទូ ជាហាវ (Du Jia Hao) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ខេត្តហ៊ូណាន រួមនិងប្រតិភូអមដំណើរជាច្រើននាក់ផងដែរ។ ក្នុងកិច្ចជំនួបមួយបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរបក្សខេត្តសៀមរាប គឺដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអភិវឌ្ឍនិងការទំនាក់ទំនង រវាងខេត្តយើងទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព នឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកនឹងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ក្នុងកិច្ចជំនួបពិភាក្សាការងារនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៏ថា៖ រដ្ឋបាលខេត្តសៀមរាប និង ខេត្តហ៊ូណាន បានពង្រឹងនូវការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាយូរណាស់មកហើយ ជាពិសេស គឺការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការបង្កើតឱកាសវិនិយោគនូវទីផ្សារការងារ ដើម្បីផលប្រយោជន៍ រវាងប្រជាជននៃប្រទេសទាំងពីរនេះ ឲ្យកាន់តែជិតស្និទ្ធទាំងផ្នែកនយោបាយ និង ការទូត។ ចំពោះថ្នាក់ដឹកនាំខេត្តទាំងពីរ (ខេត្តសៀមរាប និង ខេត្តហ៊ូណាន) ក៏បានធ្វើការកត់សម្គាល់ដោយបានផ្តោតនូវការវាយតម្លៃថា៖ នៅក្នុងឱកាសនៃកិច្ចជំនួបនេះ គឺពិតជាបានផ្តល់នូវសមិទ្ធផលថ្មីៗបន្ថែមទៀត គឺបានមកពីលទ្ធផលជាផ្លែផ្កា ដែលថ្នាក់ដឹកនាំកំពូលៗ នៃប្រមុខរដ្ឋាភិបាលទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក និងឈានដល់ចំណុចកំពូលក្នុងការរឹតចំណងសាមគ្គីភាព និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ វិថីសូត្រ" ក្នុងការបន្តពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត។ ដើម្បីបន្តរក្សានូវមរតក៌ពីព្រះករុណាព្រះនរោត្តមសីហនុព្រះបរមរតនៈកោដ្ឋ ដែលកើតមានតាំងពីយូរលង់មកហើយនោះ។
ឯកឧត្តម ទូ ជាហាវ (Du Jia Hao) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ខេត្តហ៊ូណាន បានមានប្រសាសន៏ផងដែរថា៖ ខេត្តសៀមរាប គឺជាខេត្តមួយដែលប្រកបទៅដោយសក្តានុពលសេដ្ឋកិច្ចផ្នែកទេសចរណ៏ និងដំណាំកសិកម្មផ្សេងៗទៀត មានការរីកចំរើនគួរឲ្យសម្គាល់រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទំនាក់ទំនងប្រទេសយើងទាំងពីរកម្ពុជានិងចិន មានប្រវត្តិទំនាក់ទំនង និងសាមគ្គីភាពជាភាតរៈជាប្រវត្តិសាស្ត្រមានតាំងពីយូរណាស់មកហើយៗប្រទេសយើងទាំងពីរជាប្រទេសជិតខាង និងជាបងប្អូនល្អនឹងគ្នាទៀតផង។ ឯកឧត្តម ក៏បានកើតសរសើរដល់ភាពរីកចម្រើនលូតលាស់ជឿនលឿនលើគ្រប់វិស័យរបស់កម្ពុជា និងបានធ្វើឱ្យកំណើនសេដ្ឋកិច្ចប្រជាជនកម្ពុជាកើនឡើងពីមួយឆ្នាំទៅឆ្នាំ។ ជាមួយគ្នានោះ ឯកឧត្តម និង ប្រតិភូបានអញ្ជើញទៅទស្សនានៅប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាបផងដែរ រួមមាន៖ ប្រាសាទ តាព្រហ្ម ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ជាបិតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យ ដែលដូនតាបានបន្សល់ទុកឲ្យមនុស្សនៅក្នុងពិភពលោកបានឃើញបានស្គាល់ពីអរិយធម៍ វប្បធម៍ដ៏រុងរឿងនេះ៕ ដោយ ស៊ាន សុផាត