ក្រុមម៉ូតូធំដង្ហែរក្បួននៅភ្នំពេញ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នៅខេត្តសៀមរាប
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ក្រុមម៉ូតូធំបានរៀបចំដង្ហែរក្បួន នៅតាមដងផ្លូវសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចុងសប្តាហ៍កន្លងទៅនេះ ដើម្បីជាការរំឭក និងការត្រៀមខ្លួនឲ្យបានកាន់តែល្អប្រសើរ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដែលគ្រោងនឹងធ្វើពីថ្ងៃទី០៦ដល់ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៩ នៅខេត្តសៀមរាប។
លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លឹប BMW Motorcycle Club Cambodia ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានឱ្យដឹងថា ការជួបជុំដង្ហែរក្បួនម៉ូតូធំនេះ គឺដើម្បីផ្វព្វផ្សាយពីពីអ្នកស្រឡាញ់ម៉ូតូធំនៅក្នុងស្រុក ក៏ដូចជាការត្រៀមទទួលក្រុមម៉ូតូធំមកពីបណ្តាប្រទេសនានា សម្រាប់កម្មវិធី Motorrad Angkor Festival 2019 នៅខេត្តសៀមរាបផងដែរ។ លោកអះអាងថា មកដល់ពេលនេះទទួលបានការបញ្ជាក់ពី កីឡាករប្រទេសថៃថាមានចំនួន២៥០គ្រឿង ប្រទេសវៀតណាម ១០០គ្រឿង ម៉ាឡេស៊ី ៣៥គ្រឿង ឡាវ ២០គ្រឿង រួមទាំងកីឡាករមកពីប្រទេសចិនមួយចំនួនទៀត។ ក្រៅពីនេះនឹងមានសិង្ហបុរី ម្ចាស់ផ្ទះកម្ពុជា និងប្រទេសចំនួនទៀត ដែលមានចំនួនជាង១.០០០នាក់។ លោកបានបន្ដថា ព្រឹត្តិការណ៍នេះមានការប្រណាំងម៉ូតូ ការតាំងពិព័រណ៍ម៉ូតូ និងផលិតផលថ្មីៗគ្រប់ប្រភេទ ការប្រគំតន្ត្រី និងជាពិសេស គឺដើម្បីរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌។ លោកបានបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុម ដោយបានចុះបញ្ជីក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្ដី ឬមិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សីលធម៌ ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក។
សូមបញ្ជាក់ថា ក្រៅពីការប្រណាំងម៉ូតូ ក៏មានការប្រគំតន្រ្តី ការតាំងពិរពណ៍ផលិតផលទាក់ទងនឹងយានយន្ត និងឧស្សាហកម្មកីឡា ដែលមានរយៈពេល៣ថ្ងៃនេះ។ ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញនានា ក្រោមកិច្ចសហការ សម្របសម្រួលពីសហព័ន្ធកីឡាយានយន្តកម្ពុជា និងបណ្តាដៃគូជាច្រើនទៀតផងដែរ៕