លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង អញ្ជើញប្រារព្វពិធីក្រុងពាលី "លើកទូកឡើងបង្គង"
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

  ពិធីប្រពៃណីសែនក្រុងពាលី"លើកទូកចុះបង្គង និង លើកទូកឡើងបង្គង" គឺជាប្រពៃណីទៅតាមទំនៀមទំលាប់របស់ដូនតានិងព្រះគ្រូចៅអធិការវត្តព្រែកនរិន្ទ ស្រុកឯកភ្នំនៃខេត្តបាត់ដំបង ដែលតែង
ប្រារព្វធ្វើជារៀងរហូតមក ក្នុងខណៈពេលដែលគេយកទូក"ង"ទៅអុំប្រណាំងលេង នៅក្នុងពិធីបុណ្យផ្សេងៗ។ជាពិសេសនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ហើយក៏ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ហូរហែរយូរលង់មកហើយ។

       ដោយប្រកាន់ខ្ជាប់ នូវទំនៀមទម្លាប់ប្រពៃណីដូនតានិងព្រះគ្រូចៅអធិការវត្ត កាលពីមុនៗកន្លងមកនោះ។នៅចុងសប្តាហ៍កន្លងទៅនេះព្រះគ្រូចៅអធិការវត្តព្រែកនរិន្ទ ព្រះនាម ចម ចិត្ត ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ-ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រារព្វពិធីសែនទូកឡើងបង្គង និងបន្ទាប់ពីទូក "ង"ក្នុងវត្តបានយកចេញទៅអុំប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ កន្លងទៅនេះ។ហើយពិធីសែនទូក"ង" ឡើងបង្គងនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកអភិបាលរងខេត្តបាត់ដំបង ហឿង សុគន្ធ និងឯកឧត្តម មុំ ក្រាត ជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមកីឡាករអុំទូកផងដែរ។

     តាមសង្ឃដិកា របស់ព្រះគ្រូចៅអធិការវត្តព្រែកនរិន្ទផ្ទាល់ ហើយជាអ្នកទទួលឃុំគ្រងទូកនិងផ្គត់ផ្គង់ដល់ក្រុមកីឡាករពេលចេញទៅអុំប្រណាំង និងការសមហ្វឹកហាត់ត្រៀមចេញទៅប្រកួត បានឲ្យដឹងថា៖វត្តព្រែកនរិន្ទ មានទូក"ង"ប្រចាំវត្តសរុបចំនួន០៤គ្រឿងក្នុងនោះទូកដែលមានអាយុកាលចំណាស់ជាង១០០ឆ្នាំមកហើយនោះ មានឈ្មោះ" នរិន្ទ
រង្សី ស្រីសរពិចិត្រ" ជាទូក"ង"មានប្រវត្តិអុំប្រណាំងមិនដែលចាញ់ តែបច្ចុប្បន្ន ទូកនេះបានចូលនិវត្តន៍
ហើយ។ ដោយជំនួសមកវិញ នូវទូកថ្មី មានឈ្មោះថា៖"នរិន្ទរង្សីពិជ័យចិត្តបុត្រ"ហើយនៅឆ្នាំ២០១៩
នេះ ទូកនេះបាននាំយកទៅអុំប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក កន្លងមកថ្នីៗនេះ ដោយជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមទូកល្បឿនលឿន។ និងទទួលបានជ័យលាភីជាប់ចំណាត់ថ្នាក់លេខ១
ផ្នែកសោភ័ណភាព"ទូកស្អាតជាងគេ"នៅទូទាំងប្រទេសទៀតផង។

      ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសែនទូកឡើងបង្គងនេះ លោក ហឿង សុគន្ធ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងការកោតសរសើរ ដល៎ព្រះគ្រូចៅអធិការវត្តព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលតែងតែ
យក្រះទ័យទុកដាក់ក្នុងការថែរក្សានិងបានប្រកាន់ខ្ជាប់នូវប្រពៃណីរបស់វត្តដរាបរៀងមក ក្នុងការចូលរួម ក្នុងកៀងគរប្រមូលផ្តុំ ក្រុមកីឡាករអុំទូក ដើម្បីចូលរួមគ្រប់រដូវកាលនៃពីធីបុណ្យអុំទូកទាំងនៅថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ជាតិ។ហើយថែមទាំងដណ្តើម
បាននូវជ័យលាភីជាប់ចំណាត់ថ្នាក់ជូនខេត្តទៀតផង។ លោកអភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកីឡាករនិងក្រុមកីឡាករអុំទូកទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមអុំប្រណាំងនៅរាជធានីភ្នំពេញកន្លងមកនេះ សូមឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ
កុំបីឃ្លាត ថែមទាំងជូនពរសម្រាប់ការអុំប្រកួតនៅឆ្នាំក្រោយៗទៀតឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ក្នុងនោះដែរក៏បាននាំយកនូវបច្ច័យមួយចំនួនប្រគេនដល់ ព្រះគ្រូ ចម ចិត្ត ចៅអធិការវត្តព្រែកនរិន្ទផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )