ជិះម៉ូតូរត់ពីការដេញវ៉ៃតប់គ្នា ជ្រុលទៅបុក រថយន្តបណ្តាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់
ថ្ងៃ អាទិត្យ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូគេចចេញពីក្រុមក្មេងស្ទាវដេញវ៉ៃ ទៅបុករថយន្តពេញទំហឹង ។
    ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចជិតវត្តសារ៉ាវ័ន្ត តាមបណ្តោយផ្លូវព្រះនរោត្តម កែងនិងផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់មានឈ្មោះ វឿត សុខឡុង  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកអ្នកដែលរងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ អ្នក ទាំង២ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM.9348 ។

    យោងតាមសម្តីមិត្តភ័ក្តរបស់ជនរងគ្រោះបានប្រាប់ថា ដំបូងឡើយពួកគាត់មួយក្រុមមានស្រីមានប្រុសបាននាំគ្នាអង្គុយផឹកស្រាក្រឡុកនៅជិតវត្តបុទុំរហូតដល់ម៉ោង៣ទៀបភ្លឺក៏នាំគ្នាឈប់ផឹកក្នុងគោលបំណងទៅផ្ទះវិញ ដោយជិះចេញបានបន្ទិចក៏ទាស់សម្តីគ្នាជាមួយក្រុមក្មេងស្ទាវមួយក្រុមទៀតក៏វ៉ៃគ្នាមួយប្រាវ ដោយជនរងគ្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយក៏ជិះម៉ូតូចេញ ក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាមវ៉ៃ ទើបធ្វើឲ្យជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះភ័យពេកក៏បើកម៉ូតូយ៉ាងលឿនទៅបុក រថយន្តព្រូសមិនចាំពណ៌ មិនចាំស្លាកលេខ បើកស្របទឹសគ្នាបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ចំណែកតៃកុងរថយន្តឃើញសភាពមិនស្រួលក៏បានបើក រថយន្តគេចបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរងចាំប្រគល់ឲ្យសាច់ញាតិវិញនៅពេលក្រោយ៕

 

 

 


អត្ថបទទាក់ទង