ក្រុមហ៊ុនគ្រីសអេនើជី ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេងសម្រាប់តំបន់ប្រេងអប្សរា
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សិង្ហបុរី៖ ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា «គ្រីសអេនើជី» ឬ «ក្រុមហ៊ុន») ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យមួយ មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ខ្លួនគឺ ក្រុមហ៊ុនគ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab  (តទៅនេះហៅថា «Profab») ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច (តទៅនេះហៅថា «មីនីផ្លាតហ្វម») សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា ។
វិសាលភាពនៃការងារនេះ គ្របដណ្តប់លើលទ្ធកម្មសំខាន់ៗ និងការសាងសង់ជើងទម្រ ផ្នែកខាងលើ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់មីនីផ្លាតហ្វម ដែលរួមបញ្ចូលទាំងការតម្លើង និងការលើកដាក់លើនាវាដឹកជញ្ជូន ។ ការងារនេះនឹងត្រូវធ្វើទ្បើងនៅទីតាំងរបស់ក្រុមហ៊ុន Profab លើកោះ Batam ប្រទេសឥណ្ឌូនេស៊ី ។
តំបន់ប្រេងអប្សរានៅក្នុងប្លុក A របស់កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រ       មិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ ។ ដោយសារភាពមិនទាន់ច្បាស់លាស់នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍន៍តំបន់ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជាដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត ក្នុងដំណាក់កាលនានាពេលអនាគត ។
ដំណាក់កាលអភិវឌ្ឍ Mini Phase 1A នេះ រួមមាន មីនីផ្លាតហ្វម និងអណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក ។  នាវាដឹកប្រេងនឹងដឹកប្រេងឆៅពីនាវាផលិតកម្ម។ ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថានឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ ។
លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «Mini Phase 1A ជាផ្នែកដ៏សំខាន់មួយនៃគម្រោងដើម Phase 1A ដែលរួមមាន ផ្លាតហ្វមធំមួយ ជាមួយ   ក្បាលអណ្តូងប្រេងចំនួន២០ នាវាផលិតកម្ម និងនាវាផ្ទុកនិងផ្ទេរប្រេង។ Mini Phase 1A ជួយសម្រួលដល់ការអភិវឌ្ឍន៍ដោយប្រើផ្លាតហ្វមតូច អណ្តូងអភិវឌ្ឍតិចជាងមុន និងការប្រើប្រាស់នាវាដឹកប្រេងតម្លៃទាបជាងមុន ហើយអនុញ្ញាតឲ្យយើងអង្កេតទៅលើសមត្ថភាពនៃការផលិតរបស់អាងផ្ទុកប្រេង និងវាយតម្លៃអំពីសក្តានុពល   រយៈពេលវែងរបស់តំបន់អប្សរាប្រកបដោយប្រសិទិ្ធភាព។ យើងបានបញ្ចប់ការរៀបចំជាច្រើន សម្រាប់ការអភិវឌ្ឍន៍ក្នុងរយៈពេលដ៏ខ្លីបំផុត តាមដែលអាចធ្វើទៅបាន» ៕

 

 

 


អត្ថបទទាក់ទង