ក្រុមចោរឆក់កាបូបប្ដីប្រពន្ធជនជាតិចិនពីរនាក់បានសម្រេចនៅផ្លូវសហព័ន្ធរុស្សុីបណ្តាលឲ្យដួលរងរបួសទាំងពីរនាក់
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

   ភ្នំពេញ  ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន ៣ គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីប្ដីប្រពន្ធជនជាតិចិនពីរនាក់បានសម្រេច និងបណ្ដាលឲ្យដួលរងរបួសទាំងពីរនាក់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងមកពីទិញសាច់ជ្រូក។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចុងស្ពានអាកាសផ្សារដីហុយខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធជនជាតិចិនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-HD-9073ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ព្រមទាំងមានសាច់ជ្រូកមួយស្បោងធំនៅជាប់ម៉ូតូផងដែរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូទៅចំនួន៣ គ្រឿងមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រព័ន្ធដែលអង្គុយនៅខាងក្រោយបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលចំណែកជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបណ្តាលឲ្យដួលរងរបួសដៃជើងយ៉ាងដំណំ។  ភ្លាមនោះក៍មានរថយន្តត្រូវសង្គ្រោះបន្ទាន់បានបើកដល់រួចបានលើកម៉ូតូដាក់ក្នុងរថយន្តនិងជនរងគ្រោះរួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

   ក្រោយកើតហេតុក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសួរនាំនៅនឹងកន្លែងកើតហេតុខណះដែលជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់អស់៕

 

 

 


អត្ថបទទាក់ទង