សិស្សសាលា២នាក់មិនខំប្រឹងរៀនសូត្រលើកស្ទួយកេតិយសគ្រួសារទេ បែជាធ្វើសកម្មភាពឆក់ ជាប់ខ្នោះសមត្ថកិច្ច
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ ភាពសោកស្ដាយរបស់សិស្សសាលាវិទ្យាល័យជម្ពូវ័ន្ត២នាក់បានហូរទឹកភ្នែកសុំទោសឪពុកម្ដាយ ក្រោយពីមានកំហុសជិះម៉ូតូធ្វើសកម្មភាពឆក់ជាលើកដំបូងភ្លាត់ស្នៀត ត្រូវកម្លាំងនគរបាលខណ្ឌដង្កោដេញស្ទាក់ចាប់បាន កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិភា សង្កាត់ប្រទះឡាង អតីតខណ្ឌដង្កោ រាជធានីភ្នំពេញ តែបច្ចុប្បន្នកាត់ចូលក្នុងខណ្ឌកំបូល ។

    សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ គង់ ចាន់ធឿន អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកជនសង្ស័យទាំង២នាក់ខាងលើមាន ទី១-ឈ្មោះ អ ចដ អាយុ ១៣ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ ស សផន អាយុ ១៦ឆ្នាំ មុខរបរសិស្ស។

    លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដាក់កម្លាំងស្ទាក់ចាប់បានជាបន្តបន្ទាប់ ខណៈពួកគេជិះម៉ូតូឌុបគ្នាបម្រុងនឹងជិះរត់គេចខ្លួន ក្រោយពេលពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីកម្មកររោងចក្រម្នាក់ នៅចំនុចផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។

    បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ចាត់ការបន្តតាមនីតិវិធី៕

 

 

 


អត្ថបទទាក់ទង