សម្តេច ក្រឡាហោម ស ខេង សង្ឃឹមថាកិច្ចសហប្រតិត្តិការរវាងកម្ពុជា ស្វីសបន្តរីកចំរើនថែមទៀតនៅក្នុង ការទូតរបស់លោកជំទាវ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅរសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូតស្វីសទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ដោយសម្ដេចបានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលប្រទេសទាំងពីរមានជាមួយគ្នាកន្លងមក និងបានបង្កើតលទ្ធផលជាច្រើន ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស និងបន្តរីកចំរើនបន្ថែមទៀតនៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចបានថ្លែងអំណរគុណរដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រជាបន្តបន្ទាប់រួមទាំងផ្នែកកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដែលសម្ដេចផ្ទាល់ជាអ្នកដឹកនាំការងារនេះដោយសម្ដេចបានរំលឹកឡើងដែលកាលពីឆ្នាំ២០១៦សម្ដេចបានអញ្ជើញទស្សនកិច្ចនៅប្រទេសស្វីសដើម្បីសិក្សាស្វែងយល់អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយតាមរយៈទស្សនកិច្ចនោះ សម្ដេចបានទទួលគំនិតល្អៗដើម្បីជាធាតុចូលក្នុងការងារកំណែទម្រង់របស់កម្ពុជា ហើយថាក្នុងនាមជាស្ថាប័នដឹកនាំការអនុវត្តច្បាប់ និងការកំណែទម្រង់នេះ សម្ដេចត្រៀមបន្តសហការជាមួយលោកជំទាវឯកអគ្គរដ្ឋទូតបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតស្វីសបានឯកភាពចំពោះទំនាក់ទំនងទំនងដ៏យូរលង់ណាស់មកហើយរវាងស្វីស និងកម្ពុជា ហើយលោកជំទាវបានបង្ហាញបំណងធ្វើឲ្យទំនាក់ទំនងនេះកាន់តែខ្លាំងក្លា និងយូរអង្វែងបន្ថែមទៀត និងបានជំរាបជូនសម្ដេចថាបច្ចប្បន្ននេះ ស្វីសក៏បានចូលទៅក្នុងប្រទេសនៃទំនាក់ទំនងASEM ជាដៃគូសន្ទនាមួយរបស់អាស៊ាន និងកំពុងខិតខំលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អឺរ៉ុបផង ក្រៅតំបន់អឺរ៉ុបផង ក្នុងនោះក៏មានជាមួយកម្ពុជា ព្រមទាំងតំបន់ទន្លេមេគង្គ ដែលក្នុងន័យនេះលោកជំទាវបានបន្តថាមិនថាទំនាក់ទំនងទ្វេភាគី ឬពហុភាគី គឺពិតមានសារៈសំខាន់។

លោកជំទាវក៏បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់រដ្ឋលេខាធិការក្រសួងការបរទេសស្វីសមកកម្ពុជាកាលពីខែកក្កដាកន្លងទៅដែលបានមកចូលរួមសម្ពោធមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបជាមួយរាជរដ្ឋាភិបាល កម្ពុជា ហើយថាក្នុងនាមជាមិត្តភក្ដិកម្ពុជា លោកជំទាវសូមសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាដែលជាការសម្រេចបាននូវកិច្ចការកាត់បន្ថយភាពក្រីក្រហើយដែលកិច្ចការនេះក៏ដើរស្របតាមការខិតខំប្រឹងប្រែងរបស់រដ្ឋាបាលស្វីសដែលធ្វើទំនាក់ទំនងជាមួយកម្ពុជាក្នុងការងារកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតបសម្ដេចបានថ្លែងអំណរគុណចំពោះឆន្ទៈដ៏ល្អរបស់លោកជំទាវ និងរដ្ឋាភិបាលស្វីសក្នុងការបន្តជួយគាំទ្រ និងបន្តពង្រីកនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា ហើយសម្ដេចក៏បានមានប្រសាសន៍ថាជាការពិតការអភិវឌ្ឍដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះក៏មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់រដ្ឋាភិបាលស្វីសដែរ។ ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរាបដែរថាបច្ចុប្បន្ននេះ កម្ពុជានៅមានភារកិច្ចបន្តដែលត្រូវតែធ្វើបន្ថែមទៀត ហើយក៏ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃជាមួយដៃគូពាក់ព័ន្ធបន្ថែមទៀតដើម្បីបន្តដំណើការកំណែទម្រង់នោះ។

លោកជំទាវឯកអគ្គរដ្ឋទូតស្វីសក៏បានជំរាបសម្ដេចក្រឡាហោមដែរដា ពាក់ព័ន្ធការងារកំណែទម្រង់នេះ ប្រទេសស្វីសមានប្រវត្តរាប់រយឆ្នាំមកហើយក្នុងការងារវិមជ្ឈការ និងវិសហមជ្ឈការ ហើយលោកជំទាវជឿជាក់ថាការធ្វើកំណែទម្រង់នេះ ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសការទទួលបានសេវាសាធារណៈ និងការផ្សាភ្ជាប់នូវទំនក់ទំនងគ្នាកាន់តែជិតស្និតរវាងរដ្ឋបាល និងពលរដ្ឋ ព្រមទាំងការស្វែងយល់ពីគម្រោងអាទិភាពដែលត្រូវនឹងតម្រូវការពលរដ្ឋ។

សម្ដេចក្រឡាហោមបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវដែលថាការធ្វើកំណែទម្រង់វិមជ្ឈការនេះត្រូវតែផ្អែកលើប្រវត្តិសាស្ត្រ និងស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ ហើយកម្ពុជាខ្លួនឯង ក៏កំពុងខិតខំធ្វើយ៉ាងណាដើម្បីបន្តកំណែទម្រង់នេះដោយផ្សាភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដោយនៅឆ្នាំ២០២០ គឺជារយៈពេល១០ឆ្នាំនៃការងារកំណែទម្រង់នេះ ដោយមានលទ្ធផលជាច្រើនបានកើតឡើង ហើយការងារបន្ទាប់នោះ គឺបន្តពិនិត្យ និងត្រូវការបន្ថែមទៀតនូវជំនួយសម្រាប់រៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ឬ១០ឆ្នាំបន្ទាប់។