របៀបវីរៈចំនួន៥នឹងលើកយកទៅពិភាក្សាក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២  ស្តីពី ការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។