កិត្តិសព្ទកម្ពុជាក្នុងការងារអេដស៍កំពុងត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហ្សឺណែវ៖ នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលមូលនិធិសកល (Global Fund HQ at Global Health Campus) ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលនៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច បន្តធ្វើបទអន្តរាគមន៍លើចំណុចគន្លឹះៗតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិសកល លើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសពីថ្ងៃទី១២ដល់១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីតំណាងមកពីតំបន់នានានៅជុំវិញសកលលោក។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ អង្គប្រជុំបានកោតសរសើរកម្ពុជាអំពីសមិទ្ធផលដែលយើងបានធ្វើឱ្យសម្រេចក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានេះ លោកបណ្ឌិត ដូណាល់ កាបេរូកា (Dr Donald Kaberuka)ប្រធានក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមពិធីបើកកិច្ចប្រជុំ ដោយសរសើរកម្ពុជា។

លោកបណ្ឌិតប្រធានបានទៅធ្វើ ទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ និង៣០ ខែតុលា កន្លងទៅថ្មីៗនេះ។ ចំណែកឯប្រទេសមួយចំនួន រួមទាំងតំណាងអង្គការ សុខភាពពិភពលោកប្រចាំអាហ្រ្វិកផងដែរ បានសុំរៀនសូត្រពីកម្ពុជាយើងអំពីការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ។ តាមរយៈការកោតសរសើរ និងវាយតម្លៃខ្ពស់ពីតំណាងនានា និងអង្គប្រជុំទាំងមូល កិត្តិសព្ទកម្ពុជាយើងកំពុងត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ៕ធ.ដ


អត្ថបទទាក់ទង