ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តល់ទឹកប្រាក់ ២លានដុល្លារអាមេ៉រិក ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍយុវជន និងកីឡាខេត្តកំពង់ស្ពឺ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ Naga World បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារសហរដ្ឋអាមេ៉រិក ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍយុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ.ក. បានទទួលមូលប្បទានបត្រពីនាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen នៅក្នុងពិធីដែលបានធ្វើឡើងនៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក នៅព្រឹកថ្ងៃសុក្រនេះ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកា ស.ស.យ.ក. ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

គោលបំណងនៃកម្មវិធីអភិវឌ្ឍន៍យុវជននេះ គឺដើម្បី លើក កម្ពស់ទេពកោសល្យ ជំរុញការអភិវឌ្ឍយុវជន និងផ្តល់ឱកាសបន្ថែមដល់ យុវជនកម្ពុជា ដើម្បីឈានទៅសម្រេច គោលដៅ  អនាគត និង ក្តី បំណង របស់ខ្លួនក្នុង វិស័យ កីឡា និងវិស័យផ្សេងៗទៀត។ ណាហ្គាវើលដ៍បេះដូងសប្បុរស ជឿជាក់ថា ការឧបត្ថម្ភនេះនឹងបន្តផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជា ដូចដែលក្រុមហ៊ុនណាហ្គាវើលដ៍បានអនុវត្តក្នុងខេត្តកំពង់ស្ពឺកន្លងមកក្រោមការគាំទ្ររបស់ឯកឧត្តម ហ៊ុន ម៉ានី។ គម្រោងទាំងនេះ រួមមាន កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺរយៈពេល២ឆ្នាំ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញ បង្ហាត់កីឡាបាល់ទាត់អាជីពដល់គ្រូអនុវិទ្យាល័យ និងវិទ្យាល័យ បូករួមនឹងការឧបត្ថម្ភសម្ភារៈកីឡា និងហេដ្ឋារចនាសម្ព័ន្ធកីឡាជាបន្តបន្ទាប់។

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍បានមានប្រសាសន៍ថា “៧០% នៃប្រជាជនកម្ពុជាសរុបមានអាយុក្រោម ៣៥ឆ្នាំ ហើយលោកជឿជាក់ថា ការវិនិយោគទៅលើយុវជន គឺជាការវិនិយោគទៅលើអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ការលើកស្ទួយយុវជន គឺការបង្កើតការផ្លាស់ប្តូរកាន់តែប្រសើរនៅក្នុងសហគមន៍។ យើងរួមគ្នាផ្តល់ឱកាសប្រសើរជាងមុនដើម្បីឲ្យពួកគបង្កើន គុណភាពនៃជីវិតរបស់ពួកគេផ្ទាល់ និងគ្រួសាររបស់ពួកគេ។ លោកសង្ឃឹមថា ការឧបត្ថម្ភសម្រាប់កម្មវិធីទាំងនេះនឹងជួយបង្កើនសក្តានុពលរបស់យុវជន ក្នុងខេត្តកំពង់ស្ពឺ សម្រាប់សង្គមជាតិហើយ ដែលការនេះនឹងផ្តល់ត្រឡប់មកវិញដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍បាននឹងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាទាំងមូល ដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន មកដល់បច្ចុប្បន្ន៕ធ.ដ


អត្ថបទទាក់ទង