លោក Mark Esper បញ្ជាក់ថា សហរដ្ឋអាមេ៉រិកអាចនឹងកាត់បន្ថយទំហំសមយុទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីរក្សាទ្វារចរចាជាមួយកូរ៉េខាងជើង
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្ត្រីការពារជាតិអាមេ៉រិក ម៉ាក អេស្ព័រ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានលើកឡើងពីលទ្ធភាពដែលប្រទេសរបស់លោកអាចកាត់បន្ថយទំហំសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង សំដៅរក្សាទ្វារចរចាជាមួយកូរ៉េខាងជើងឲ្យបន្តចំហដដែល ខណៈទីក្រុងព្យុងយ៉ាងព្រមានថា ខ្លួនកំពុងជិតអស់ភាពអត់ធ្មត់ហើយ ។

ប្រមុខការពារជាតិអាមេ៉រិករូបនេះបានបញ្ជាក់ទៀតថា ប្រទេសរបស់លោកអាចកែប្រែលំហាត់យោធាជាមួយកូរ៉េខាងត្បូង បើវាអាចជួយដល់ការចរចាផ្នែកការទូតដើម្បីឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ យ៉ាងណាមិញ លោក អេស្ពើ អះអាងថា ការកាត់បន្ថយទំហំសមយុទ្ធណាមួយ មិនមែនជាការផ្ដល់សម្បទានឲ្យកូរ៉េខាងជើងឡើយ ។

សូមបញ្ជាក់ថា នៅខែក្រោយនេះ សហរដ្ឋអាមេ៉រិក-កូរ៉េខាងត្បូងនឹងរៀបចំលំហាត់ផ្លូវអាកាសមួយទៀត ដោយសមយុទ្ធលើកនេះ ជាការកាត់បន្ថយទំហំពីសមយុទ្ធឆ្នាំ២០១៨ ស្របពេលដែលការចរចាកំពុងស្ថិតលើផ្លូវល្អប្រសើរនោះ ។ ប៉ុន្តែបើទោះជាសហរដ្ឋអាមេ៉រិក និង កូរ៉េខាងត្បូងបង្រួមទំហំសមយុទ្ធក្ដី ក៏កូរ៉េខាងជើងនៅតែមិនពេញចិត្ត ហើយព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសមយុទ្ធនៅតែត្រូវបានរៀបចំ ៕ធ.ដ


អត្ថបទទាក់ទង