សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ«កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា តំណាងសាសនានានៅកម្ពុជា និងតំណាងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើនអង្គនាក់។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់សន្ទរកថាស្វាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបើតាមរបាយការណ៍ សិក្ខាសាលានៅថ្ងៃនេះមានការយាងនិមន្ត និងអញ្ជើញចូលរួមពីអង្គសិក្ខាសាលាសរុបជាង៩០០អង្គនាក់ និងបានគូសបញ្ជាក់ថាសិក្ខាសាលានៅថ្ងៃនេះគឺជាការបង្ហាញឲ្យឃើញថាគ្រប់សាសនាទាំងអស់ពិតជាមានឆន្ទៈ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចឧបនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយដែលបានអញ្ជើញចូលរួមបើកសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ និងបានថ្លែងអំណរគុណ ព្រមទាំងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះព្រះរាជវត្តមាន ព្រះវត្តមាន និងវត្តមានអង្គសិក្ខាសាលាទាំងអស់ដែលបានយាងនិមន្ត និងអញ្ជើញចូលរួម។