នាំគ្នាជិះ PassApp មកលួចទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋនៅបុរីប៉េងហួត ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ គេចខ្លួន២នាក់
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ បើតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ និងធាក់ចម្រឹងដែកបង្អួចផ្ទះលួចទ្រព្យសម្បត្តិ) នៅផ្ទះលេខ “២៦-២៨”និង ផ្ទះលេខ៥ (បុរី ប៉េងហួតគំរោង១)ផ្លូវP៣-P៤ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កដោយជនសង្ស័យ៣នាក់ តែត្រូវឃាត់ខ្លួនម្នាក់ និងគេចខ្លួនបាត់២នាក់ ។

ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនរងគ្រោះទី១ ឈ្មោះ រស់ វង្សរតនៈ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ“២៦-២៨”(បុរីប៉េង ហួតគំរោង១)ផ្លូវ P៣ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ និងជនរងគ្រោះទី២ ឈ្មោះហ៊ាង ច័ន្ទនិស្ស័យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៥(បុរីប៉េងហួតគំរោង១) ផ្លូវP៤ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យម្នាក់ឃាត់ខ្លួនឈ្មោះកូវ សុផាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ២៣ ផ្លូវ១៤៦ ភូមិ១១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះទី១ (ចំណុចកើតហេតុទី១) និងជនរងគ្រោះទី២ (ចំណុចកើតហេតុទី២) បានចាកសោទ្វារផ្ទះត្រឹមត្រូវ រួចឡើងទៅដេកជាន់ខាងលើ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ កូវ សុផាត, ឈ្មោះ ឆើត និងឈ្មោះ បូរី ជួលម៉ូតូកង់បី (ផាសអ៉ាប់) ជិះមកឈប់ក្នុងបុរីប៉េងហួត រួចនាំគ្នាផ្លោះរបងចូលផ្ទះជនរងគ្រោះទី១ កាច់កាមេរ៉ាសុវត្ថិភាពបង្វែ ចុះក្រោមនាំគ្នាគាស់-ធាក់ចង្រឹងដែកបង្អួចផ្ទះឲ្យញែក រួចឈ្មោះកូវ សុផាត លូនចូលក្នុងផ្ទះរកលួចទ្រព្យសម្បត្តិ ក៏ត្រូវបានជនរងគ្រោះទី១ ឮសម្លេង ក៏ចុះមកក្រោមមើលឃើញជនសង្ស័យ ក៏ឡើងលើ វិញស្រែកចោរៗប្រាប់ក្រុមគ្រួសារ ពួកជនសង្ស័យក៏នាំគ្នារត់គេចខ្លួន ប្លោះរបងចូលផ្ទះជនរងគ្រោះទី២ ពួនក្នុង រថយន្តរួច លួចកាបូបពណ៌ផ្កាឈូកក្រឡាអុចខ្មៅមួយមានលុយដុល្លារ ៥០២ដុល្លារ, លុយរៀល ៤៩ម៉ឺនរៀល។

ប្រហែលជាង ១ម៉ោងក្រោយមកពួកជនសង្ស័យនាំគ្នាគាស់-ធាក់ ចម្រឹងដែកបង្អួចផ្ទះជនរងគ្រោះទី២ឲ្យញែក រួចឈ្មោះកូវ សុផាត លូនចូលក្នុងផ្ទះរើកកាយរកលួចទ្រព្យសម្បត្តិ ក៏ត្រូវបានជនរងគ្រោះ ទី២ ឮសម្លេងចុះមកមើលឃើញជនសង្ស័យ ក៏រត់ ឡើងទៅលើវិញស្រែកចោរៗ ពួកជនសង្ស័យក៏នាំគ្នាគេចខ្លួនពួនក្នុងបុរីប៉េងហួតខាងលើ។ រហូតដល់ម៉ោង០៥និង០០នាទីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមសន្តិសុខ និងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ កូវ សុផាត ដកហូតបានកាបូប និងលុយរបស់ជនរងគ្រោះទី២ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ។ ចំណែក បក្ខពួក ០២នាក់ទៀត ឈ្មោះ ឆើត និងឈ្មោះ បូរី គេចខ្លួនបាត់។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង