បទឈប់បាញ់គ្នានៅតំបន់ ហ្គាហ្សា ចូលជាធរមានហើយ បន្ទាប់ពីជនរងគ្រោះ ៣៤នាក់បាត់បង់ជីវិត
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហ្គាហ្សា៖ បទឈប់បាញ់គ្នាបានចូលជាធរមានហើយ ក្រោយការផ្ទុះជម្លោះរវាងគ្នាពីរថ្ងៃមកនេះ ដែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីននៅហ្គាហ្សា សរុបចំនួន៣៤នាក់ស្លាប់ និង ៧០នាក់រងរបួស នេះបើតាមយោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក ហេឌី ហ្ស៊ីលប៊ែរម៉ាន់ បានប្រាប់អ្នកសារព័ត៌មាននានានៅទីក្រុងហ្សេរុយសាឡឹម ថា ការបាញ់គ្នាពីរថ្ងៃមកនេះ ត្រូវបានបញ្ចប់ បទឈប់បាញ់មួយបានចូលជាធរមានហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ បើតាមអ្នកនំាំពាក្យដដែលនេះ ប្រតិបត្តិការរបស់យោធាអ៊ីស្រាអែល គឺដើម្បីប្រមាញ់ជីវិត មេបញ្ជាការជាន់ខ្ពស់នៃក្រុមជីហាដ ឈ្មោះ បាហា អាល់អាតថា នៅតំបន់ហ្គាហ្សា ហើយយើងក៏ទទួលបានជោគជ័យទៅតាមផែនការលឿនបំផុត ក្នុងរយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះ ។

សូមជម្រាបថា មេក្រុមឧទ្ទាមជីហាដ ឈ្មោះ បាហា អាល់អាតថា បានបាត់បង់ជីវិតក្នុងផ្ទះរបស់ខ្លួននៅទីក្រុងហ្គាហ្សា ហើយសូម្បីតែភរិយាលោកក៏បានបាត់បង់ជីវិតជាមួយគ្នាដែរ ខណៈសមាជិកគ្រួសារ០៨នាក់ទៀតបានទទួលរងរបួស ៕ធ.ដ


អត្ថបទទាក់ទង