ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរ ពីចំហៀងផ្នែកខាងក្រោយរងរបួសធ្ងន់
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្ត អូសជាង១០០ម៉ែត្រ ធ្វើឲ្យម្ចាស់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1L-4067ជិះដោយបុរសម្នាក់ចេញពីផ្លូវលំក្នុងទិសដៅពីត្បួងទៅជើងយ៉ាងលឿនក៏ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរពីក្រោយពេញទំហឹង ផ្នែកខាងស្ដាំចំហៀងខាងក្រោយរថយន្តបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង១០០ម៉ែត្រ និងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងឲ្យតំណាងភាគីទាំងសងខាងដែលចុះមកដល់កន្លែងកើតហេតុ ធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ


អត្ថបទទាក់ទង