គម្រោងសាងសង់ទឹកស្អាតបាក់ខែង នឹងចាប់ផ្ដើមសាងសងនៅចុងខែវិច្ឆការនេះ ដែលមានតម្លៃជាង១៥០លានដុល្លារ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៩ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត១៩៥ពាន់មែត្រគីបក្នុង១ថ្ងៃ ដែលមានទឹកប្រាក់សរុបចំនួន ១៥៦លានដុល្លារអាមេ៉រិក ។ គម្រោងសាងសង់នេះ អនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំង នឹងប្រើរយៈពេលសាងសង់៣៦ខែ ដោយនឹងចាប់ផ្តើមពីចុងខែវិច្ឆិការនេះ ។ 

ក្នុងពិធីចុះហត្ថលេខានេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្ដម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ទឹកប្រាក់សរុប១៥៦លានដុល្លារ ក្នុងនោះ ថវិកាកម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន១៣៦លានដុល្លារអាមេ៉រិក ដែលក្រសួងបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងធនាគារវិនិយោគអឺរ៉ុប និងប្រើប្រាស់ថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន២០លានដុល្លារអាមេ៉រិក។

ឯកឧត្តម សឹម ណារ៉ា បានឲ្យដឹងថា ការព្យាករណ៍ បានបង្ហាញថា តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ជាង៩០០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ នាឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋប្រមាណ ៥៤០ពាន់គ្រួសារ។ ឯកឧត្តម ក៏បានបញ្ជាក់ថា ក្នុងគោលបំណងសម្រេច ឲ្យបាននូវការផលិត និងផ្គត់ផ្គង់ទឹកស្អាត ឲ្យបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ក្រុមប្រឹក្សាភិបាល ក្រសួងអាណាព្យាបាលទាំងពីរ និងរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខ បានគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការសកម្មភាព ដើម្បីពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឆ្នាំ ២០១៨-២០២៥។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានជម្រាបជូននូវផែនការសកម្មភាព មានដូចខាងក្រោម៖

១៖ ដំណាក់កាលទី១ ត្រូវដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិតទឹក ៥៥ពាន់ ម៉ែត្រគីមក្នុង១ថ្ងៃ នៅខែតុលា ឆ្នាំ២០១៩។

២៖ ដំណាក់កាលទី២ គឺគិតត្រឹមឆ្នាំ២០២៥ ត្រូវសាងសង់រោងចក្រប្រព្រឹត្តិទឹកស្អាតថ្មីចំនួន០៤ និងជួសជុលពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំនួន១ ដែលអាចផលិតទឹកស្អាតបាន ៤៧០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ។

បន្ថែមលើសមត្ថភាពបច្ចុប្បន្ន ៥៤០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ៖
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាព ១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ សមត្ថភាព១៩៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ សមត្ថភាព ៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។
* រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ (សង្កាត់បឹងធំ) សមត្ថភាព ៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។
* ជួសជុល-ពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក សមត្ថភាព៤៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ បន្ថែមលើ
សមត្ថភាពបច្ចុប្បន្ន១៥០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។

៣៖ ចាប់ពីឆ្នាំ ២០២៥ តទៅ គ្រប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំង៧ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ត្រូវផលិតទឹកស្អាតឲ្យបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ដើម្បីបម្រើសេចក្តីត្រូវការទឹកស្អាតជូនប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០៣០។
ឯកឧត្តម សឹម ណារ៉ា បានបន្ថែមទៀតថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ គឺមានបំណងផ្គត់ផ្គង់ទឹកទៅ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ស្ថិតនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងបម្រើសេចក្តីត្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលរស់នៅភាគខាងលិចរាជធានីភ្នំពេញ ប្រមាណ៥០ម៉ឺននាក់បន្ថែមទៀត ស្របតាមគោលនយោបាយវិស័យផ្គត់ផ្គង់ទឹកស្អាត របស់រាជរដ្ឋាភិបាលកម្ពុជា។