កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប  ដើមី្បពិនិត្យពិភាក្សា និងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៦ ដែលមានចំនួន៣ចំណុច ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ បានផ្តោតលើបញ្ហា និងសំណូមពរមួយចំនួន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមដងវិថីក្នុងក្រុង អំពីបញ្ហាលើការងារគ្រប់ឯកសារ លិខិតស្នាមរដ្ឋបាល និងការចងក្រងលិខិតឯកសារ ការគ្រប់គ្រងបណ្តាយានយន្ត កែច្នៃគ្រប់ប្រភេទ និងការចុះបញ្ជីយានយន្ត ពិនិត្យបច្ចេកទេសយានយន្ត  ការធ្វើលូប្រអប់ដោយពុំមានដាក់លូបង្ហូទឹកចេញពីផ្លូវ (រ៉ឺហ្កា) និងបញ្ហាម៉ោងពេលរថយន្តធុនធំៗចូលក្រុង និង ការពិនិត្យរបស់ប៉ូលីសទាមទារឯកសារដើម ចំពោះឈៀករថយន្ត ព្រមទាំងបញ្ហាការ ដ្ឋានស្ថាបនាប្រព័ន្ធទឹកកខ្វក់ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរកិច្ចប្រជុំ ក៏បានលើកផងដែរអំពីបញ្ហាតួលេខភ្ញៀវទេសចរណ៍ ព្រមទាំងត្រូវឲ្យបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវមានព័ត៌មានប្រតិកម្មរហ័ស ក្នុងការឆ្លើយតបជាមួយមហាជនផងដែរ ។ លោក ពៅ ពិសិដ្ឋ ក៏បានអនុញ្ញាតដល់បណ្តាមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវរាល់គ្រប់បញ្ហា ដែលសមាជិក សមាជិកា នៃអង្គប្រជុំបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦នេះ ឲ្យបានអស់ចម្ងល់ផងដែរ។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ដោយត្រូវយកចិត្តទុកដាក់ ដោះស្រាយឲ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ចំពោះបញ្ហា និងសំណូមពរដែលបានលើកឡើងខាងលើនេះ។ លោកក៏សំណូមពរឲ្យកម្លាំងសមត្ថកិច្ចនគរបាល និងកងកម្លាំងទាំងអស់ ធ្វើកិច្ចសហការគ្នា ត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ ចំពោះអ្នកបើកបររថយន្តទាំងនោះ ទៅលើបញ្ហាសារធាតុញៀនក្នុងខ្លួន ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និងធ្វើឲ្យខូចផ្លូវបាត់នូវសោភណ្ឌភាពក្រុង រួមទាំងចំណតរថយន្តអាណាធិបតេយ្យ និង គ្រប់រថយន្តធ្វើអាជីវកម្មបានចុះក្នុងបញ្ជីធ្វើអាជីវកម្ម ។

ឯកឧត្តម អ៊ឹង ហឿន ស្នើរសូមឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធនធ្ងន់ និងធ្វើការផាក ពិន័យ ណែនាំអប់រំ ដល់រថយន្តខុសបច្ចេកទេស និងរថយន្តតាក់ស៊ីឈប់ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ បញ្ហារថយន្តដឹកភ្ញៀវទេសចរណ៍៤៥កៅអី ឈប់សំចតនៅតាមភោជនីយដ្ឋាន ដែលជាការបង្កឲ្យមានការកកស្ទះក្នុងក្រុង។