រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថាការងារត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកំពត ដំណើការសម្រេចបានជាង៨០ភាគរយហើយ
ថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កំពត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំកិច្ចការងារនានាសម្រេចបានប្រមាណជាង ៨០% ហើយ ក្នុងនោះមានដូចជាកិច្ចការតុបតែងលម្អតាមទីសាធារណៈ សួនច្បារ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ការបំពាក់ និងបន្ថែមភ្លើងបំភ្លឺក្នុងក្រុង ការរៀបចំវិថីម្ហូបអាហារ (Food Street) ការរៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតាមព្រែកទឹកឈូ ឬព្រែកកំពង់បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេសចរណ៍ចម្ការម្រេច តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សហគមន៍ទេសចរណ៍មួយចំនួន ព្រមទាំងគោលដៅទេសចរណ៍នៅខេត្តកែបផងដែរ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នាចុងឆ្នាំ២០១៩ ខាងមុខនេះ នៅសាលាខេត្តកំពត ជាមួយអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ ។

ក្រៅពីនោះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តកំពត និងពីខេត្តកំពតទៅកាន់គោលដៅនានាមួយចំនួនទៀត ដោយឯកឧត្តម បានស្នើអាជ្ញាធរខេត្ត មន្ទីរ និងក្រសួងសាធារណការ ជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ លេខ៣៣ និងផ្លូវនានាជាច្រើនទៀត យ៉ាងហោចណាស់ក៏សុំរៀបចំត្រឹមឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរបានសមរម្យ នៅមុនពេលបុណ្យសមុទ្រមកដល់។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តកំពត សូមកុំមានការដំឡើងថ្លៃសេវា និងទំនិញរបស់ខ្លួនថ្លៃហួសហេតុពេក ពិសេសត្រូវបើកឱ្យមានការទទួលការកក់កន្លែងស្នាក់នៅឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ក្រុមមន្ត្រីដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រ ក្រុមសិល្បករ កីឡាករជាដើម។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩៕ធ.ដ


អត្ថបទទាក់ទង