បន្លំរួតកាបូប លួចយកទូរស័ព្ទដៃបាន២គ្រឿង ម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណី លួចទូរស័ព្ទដៃ នៅមុខតូបលេខ៣៤ (ផ្សារច្បារអំពៅ) ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៤ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះគីម ធី ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមចម្លើយរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាៈ មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក iPhone-៦ Plus ពណ៌ទឹកមាស លេខសុីម  ០១០ ៦៩៦៩៨៨,ម៉ាកHuawie ពណ៌ខៀវ លេខសុីម ០១១ ៧២៧៤៨៨) ក្នុងកាបូប ពណ៌ក្រហមស្ពាយពីក្រោយដើរទិញឥវ៉ាន់នៅផ្សារច្បារអំពៅ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យដើរមកជិតបន្លំរូតកាបូបស្ពាយជនរងគ្រោះលួចយកទូរស័ព្ទដៃ ០២គ្រឿងខាងលើ រួចគេចខ្លួន ភ្លាមនោះក៏ត្រូវបានជនរងគ្រោះងាកមើលឃើញ ដេញតាមចាប់ជនសង្ស័យ និងដកហូតវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅចាត់ការតាមច្បាប់តែម្ដង ៕ធ.ដ


អត្ថបទទាក់ទង