ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២ម៉ឺនដុល្លារនៅខណ្ឌច្បារអំពៅ
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ការព្យាយាមគេចវេសមិនព្រមសងលុយទៅឲ្យម្ចាស់ទ្រព្យតាមការសន្យា បានធ្វើឲ្យម្ចាស់លុយដកសេចក្តីទុកចិត្តចោទថាស្ត្រីរូបនោះឆបោកប្រាក់រាប់ម៉ឺនដុល្លារ ហើយត្រូវម្ចាស់លុយរួមគ្នាចាប់ខ្លួនស្ត្រីឆបោកប្រគល់ឲ្យនគរបាលព្រហ្មខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ស្ត្រីសង្ស័យត្រូវម្ចាស់បំណុលចាប់កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅជិតអធិការដ្ឋាននគរបាលខណ្ឌ នៅគ្រាដែលស្ត្រីសង្ស័យមកទទួលយកកូនចេញពីសាលារៀន ។ ស្ត្រីដែលត្រូវម្ចាស់លុយឃាត់ខ្លួនមានឈ្មោះ ឆន សុវណ្ណ អាយុ៣៨ឆ្នាំ ជាអ្នកលក់ដូរនៅក្នុងផ្សារច្បារអំពៅ មានទីលំនៅភូមិ កណ្តាល១  សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ម្ចាស់លុយម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា តាមដឹងត្រួសៗលុយដែលស្ត្រីសង្ស័យឆបោកយកនោះមានប្រហែលជាជាង៣ម៉ឺនដុល្លារ អ្នកខ្លះអស់៥០០ដុល្លារ  ខ្លះទៀតអស់៥០០០ទៅ១ម៉ឺនដុល្លារ ចំណែកអ្នកខ្លះលេងតុងទីនជាមួយពេលដេញបានអត់ឲ្យលុយគេទេ  យកលេសនេះ  លេសនោះមិនចេះចប់ ។

ល្បិចដែលស្ត្រីសង្ស័យយកមកប្រើដើម្បីបោកលុយគេគឺយកឈ្មោះប្តីដែលមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្បារអំពៅ២ទៅប្រើ  ដើម្បីខ្ចីលុយគេ ដោយប្រាប់ថាយកលុយទៅរត់ការតម្លើងតួនាទីប្តី  ពេលខ្លះទៀតទៅរាប់លុយគេ២០ ឬ៣០លានរៀល ដោយសន្យាថារាប់លុយឲ្យ១ខែ៨០ម៉ឺនរៀងជាប្រចាំ ។

ដល់ពេលបានលុយដល់ដៃស្ត្រីរូបនោះយកទៅចងការបន្តព្រោះបានការប្រាក់ខ្ពស់  ចំណែកការសន្យារាប់លុយឲ្យប្រចាំខែទៅឲ្យដើមបំណុលគឺមិនអនុវត្តន៍តាមនោះឡើយថែមទាំងគេចវេសមិនសង ទៅដើមបំណុលទៀត ។ ដោយមើលឃើញថាស្ត្រីសង្ស័យមានចេតនាបោកប្រាស់លុយ ម្ចាស់លុយ៤ទៅ៥នាក់ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យស្ត្រីសង្ស័យចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល។

បន្ទាប់ពីដឹងថាម្ចាស់បំណុលដាក់ពាក្យបណ្តឹងស្ត្រីសង្ស័យគេចខ្លួនរហូត មកដល់ពេលនេះជិត៥ខែហើយ  រហូតដល់ម្ចាស់បំណុលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍ លុះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្ចាស់បំណុលឃើញស្ត្រីសង្ស័យមកយកកូនចេញពីសាលារៀន ក៏ចាប់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅតែម្តង ។

លោកពូម្នាក់ឈ្មោះ ស្រី ផុន អាយុ ៥៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានប្រាប់ថា ខ្ញុំត្រូវស្ត្រីសង្ស័យប្រើល្បិចខ្ចីលុយចំនួន៣៥០០ដុល្លារ ដោយសន្យាថារាប់ឲ្យជាប្រចាំខែ តែផ្ទុយទៅវិញអត់រាប់លុយឲ្យវិញនោះទេ ថែមទាំងគេចវេសទៀត ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅគ្រប់កន្លែង ហើយត្រូវម្ចាស់បំណុលផ្សេងទៀតចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ឥឡូវដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំក៏ដូចជាម្ចាស់បំណុលផ្សេងទៀតបានយល់ព្រមឲ្យស្ត្រីសង្ស័យធ្វើកិច្ចសន្យាសងជាប្រចាំខែ ឲ្យគ្រប់ចំនួនទឹកលុយដែលស្ត្រីសង្ស័យខ្ចីតែមានល្បិចកលឆបោកប្រាក់ ។នៅចំពោះមុខសមត្ថកិច្ចស្ត្រីសង្ស័យបានយល់ព្រមចេញសំណង និងធ្វើកិច្ចសន្យាទៅតាមការចង់បានរបស់ម្ចាស់បំណុល ។

លោក ម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ករណីនេះមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ  ជាបទល្មើសរដ្ឋប្បវេណី ឥឡូវនេះភាគីទាំង២បានព្រមព្រៀងគ្នាបញ្ចប់បញ្ហា ដោយភាគីខាងស្ត្រីសង្ស័យយល់ព្រមធ្វើកិច្ចសន្យាសងលុយគ្រប់ចំនួនទៅឲ្យម្ចាស់បំណុល  ចំណែកភាគីខាងម្ចាស់បំណុលយល់ព្រមទទួលយកសំណើរទៅតាមសំណូមពររបស់ក្រុមគ្រួសារស្ត្រីសង្ស័យ ៕ធ.ដ

សណ្តោស


អត្ថបទទាក់ទង