លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកនឹងធ្វើការសម្រេចចិត្តក្នុងការដំឡើងពន្ធលើការនំាចូលយានយន្តនាពេលឆាប់ៗនេះ
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបានលើកឡើងថា រូបលោកនឹងធ្វើការសម្រេចចិត្តមួយនាពេលឆាប់ៗនេះ ថាតើត្រូវដំឡើងពន្ធលើការនំាចូលយានយន្ត និង គ្រឿងបន្លាស់ដែរឬយ៉ាងណា ។

លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់យ៉ាងដូច្នេះទៅកាន់អ្នកយកព័ត៌មាន អំឡុងជំនួបជាមួយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅឯសេតវិមាន ខណៈមានការរំពឹងថា រូបលោកនឹងធ្វើការប្រកាសអំពីការសម្រេចចិត្តមួយនាពេលឆាប់ៗនេះ ក្រោយពន្យាពេល៦ខែកាលពីខែឧសភាកន្លងទៅ ។

សូមរំលឹកថា ប្រធានាធិបតីអាមេ៉រិករូបនេះ បាននិយាយនៅក្នុងសេចក្តីប្រកាសមួយកាលពីខែឧសភាថា រូបលោកកំពុងដឹកនាំក្រុមមន្រ្តីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេ៉រិកឱ្យបន្តការចរចារហូតដល់ទៅ ១៨០ ថ្ងៃលើរថយន្តដែលនាំចូលពីសហភាពអឺរ៉ុប ជប៉ុន និងប្រទេសផ្សេងទៀតដែលគិតថាចាំបាច់ ។ ហើយបច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងពេលវេលាកំណត់ ដើម្បីសម្រេចថាតើត្រូវបន្តដំឡើងពន្ធរហូតដល់ទៅ២៥ភាគរយលើរថយន្តដែលនាំចូល និង គ្រឿងបន្លាស់ ដោយសំអាងលើហេតុផលសន្តិសុខជាតិដែរឬយ៉ាងណា ៕ធ.ដ


អត្ថបទទាក់ទង