ក្រុង Venice របស់អ៊ីតាលី ត្រូវបានទឹកជំនន់វាយប្រហារដ៏ខ្លាំង ពុំធ្លាប់មានអំឡុង៥០ឆ្នាំ
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតកំពុងវាយប្រហារទីក្រុង Venice ប្រទេសអ៊ីតាលីដែលមិនធ្លាប់មានអស់រយៈពេល ៥០ឆ្នាំ និងធ្វើឲ្យមានការព្រួយបារម្ភខ្លាំងពីសុវត្ថិភាពប្រជាជន។ យោងតាមអភិបាលក្រុងលោក Luigi Brugnaro ឲ្យដឹងថា ក្រុង Venice បានរងគ្រោះដោយសារទឹកជោរខ្លាំងកាលពីយប់ថ្ងៃអង្គារ ដែលឡើងរហូតដល់កម្ពស់ ១៨៧សង់ទីម៉ែត្រ។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានចុះពិនិត្យទីក្រុងវេនីស កាលពីថ្ងៃពុធម្សិលមិញ ដោយលោក Conte បានមានប្រសាសន៍ថា ការវាយតម្លៃការខូចខាត និងការបំផ្លិចបំផ្លាញនឹងត្រូវធ្វើឡើង។
បុរសចំណាស់ម្នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារលង់ទឹក ខណៈពេលដែលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត ឆក់ខ្សែភ្លើងស្លាប់ពេលកំពុងអូសខ្សែភ្លើងម៉ាស៊ីនបូមទឹកនៅផ្ទះរបស់ខ្លួន។

ជាមួយគ្នាដែរ អាជ្ញាធរអ៊ីតាលីបានប្រកាសដាក់ទីក្រុងក្នុងស្ថានភាពគ្រោះអាសន្ន និងត្រូវការជួយសង្គ្រោះបន្ទាន់។
ទីក្រុងគោលដៅទេសចរដ៏សំខាន់របស់អ៊ីតាលីមួយនេះ ធ្លាប់បានជួបប្រទះគ្រោះទឹកជំនន់អាក្រក់បំផុតចុងក្រោយកាលពីឆ្នាំ ១៩៦៦ ដែលទឹកជោរឡើងដល់កម្ពស់ ១៩៤សង់ទីម៉ែត្រ៕ធ.ដ