ផ្សារទំនើបស្តង់ដារបស់សង្ហិបុរី The Bridge Lifestyle Mall ចាប់ផ្តើមបើកដំណើរការសាកល្បង
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ផ្សារទំនើប The Bridge Lifestyle Mall នៅទល់មុខអតីតផ្សារកុងតឺន័រកោះពេជ្រ បានប្រកាសបើកដំណើរការសាកល្បង នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នំាំ២០១៩ ហើយក្នុងពិធីនោះ គេឃើញតារាហ្វេសប៊ុកស្រស់ស្អាតជាច្រើនរូប ដោយតារាសិល្បៈគឺមានតែអ្នកនាង ភិន សុដាលីស ម្នាក់ប៉ុណ្ណោះត្រូវបានគេអញ្ជើញជាតារាកិត្តិយស ដើម្បីធ្វើទស្សនកិច្ច និងបង្ហាញលក្ខណៈក្នុងផ្សារទាំង៥ជាន់ ដែលនឹងបើកសម្ពោធជាទ្រង់ទ្រាយធំក្នុងពេលឆាប់ៗខាងមុខនេះ ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា មូលហេតុដែលនាងបង្ហាញខ្លួនក្នុងពិធីដំណើរការបណ្ដោះ អាសន្ននូវផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែនមកចូលរួមជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយតាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន និង ធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានដំណើរការនូវហាងមួយចំនួន ។

អ្នកនាងបន្តថា ហេតុផលនៃការទាក់ទងគឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធីទាក់ទងឲ្យ មកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស ។ អ្នកនាងបន្ថែមថា បរិយាកាសក្នុងផ្សារទំនើប The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង ។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺការរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដោយអ្នកនាងបញ្ជាក់ថា អតិថិជនដែលចង់ទទួលបានបរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នាទេ ។

សូមបញ្ជាក់ថា អាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាងហើយនោះ ក៏រួមមានទំាងកន្លែងស្នាក់នៅ សណ្ឋាគារ  ការិយាល័យកម្រិត VIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ ៕ធ.ដ