ជនជាតិចិនម្នាក់ ជាប់ពន្ធនាគារក្នុងប្រទេសខ្លួន៣ឆ្នាំពីបទលួច ពេលនេះជាប់ខ្នោះនគរបាលកម្ពុជាម្ដង រឿងដដែល
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

(ភ្នំពេញ)៖ ជនជាតិចិនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារក្នុងប្រទេសរបស់ខ្លួន រយៈពេល៣ឆ្នាំ ពីបទលួច ពេលនេះជាប់ខ្នោះនគរបាលខណ្ឌឫស្សីកែវ រឿងដដែល គឺលួចគាស់ទ្ទារផ្ទះលើកយកទូរដែក ដែលមានលុយដុល្លារ និងគ្រឿងអល័ង្គការ សរុបជាង៨ម៉ឺនដុល្លារ នៅខណៈដែលជនរងគ្រោះមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ពីតំណាងរបស់លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ គឺលោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង ចំពោះការឃាត់ខ្លួនជនជាតិចិនសង្ស័យម្នាក់នេះ បានចាប់ផ្ដើមប្រតិបត្តិការឡើងស្ថិតនៅក្នុងបូរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ P06 ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៧៖៣០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌរូបនេះបញ្ជាក់ទៀតថា ជនជាតិចិនសង្ស័យឈ្មោះ CHE SHAO DONG ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ធាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធធានាគារនៅប្រទេសចិន៣ឆ្នាំ ពីបទលួច។ ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

អធិការរងដដែលនេះអះអាងថា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន ដែលជាប់សង្ស័យលួចគាស់ទ្វារផ្ទះជនរងគ្រោះលើកយកទូរដែក ដែលមានលុយដុល្លារ និងគ្រឿងអល័ង្គការ សរុបជាង៨ម៉ឺនដុល្លារនេះ ដើម្បីសាកសួរទៅតាមជុំនាញប៉ុន្មានម៉ោងក្រោយគេ (ជនសង្ស័យ) បានឆ្លើយសារភាពថា ធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ នៅប្រទេសចិន (ប្រទេសខ្លួន) ពីបទលួច នៅមុនពេលសម្រេចគាស់ទ្វារលួចយកទូរដែក ក្នុងបុរីប៉េងហួត (ផ្ទះជនរងគ្រោះ) នៅម៉ោងប្រហែលជាង៦ព្រលប់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ពោលគឺកាលពី៥ថ្ងៃមុន។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ចំពោះសម្ភារបាត់បង់រួមមាន៖ ទូដែក១ មានលុយ+គ្រឿងអលង្គ័ការមួយចំនួន, ប្រាក់ដុល្លារ ចំនួន៤ម៉ឺនដុល្លារ, សរុបជាង៨ម៉ឺនដុល្លារ, ប្រាក់រៀល២លានរៀល ប៉ុន្តែជាក់ស្ដែង ក្រោយពីឃាត់ខ្លួនជនជាតិចិននេះ សមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន ដែលពាក់ព័ន្ធសក្មភាពចោរកម្ម ដូចជា ឩបកណ៍ផ្សារដែក១ (ប៉ុស្ត៍ផ្សារ), ញញួ១, ព្រលៀក១, ស្រោមដែ១គូរ, និងកាបូប២ ស្ពាយ១+យួរ១។

យ៉ាងណាក៍ដោយ ជនជាតិចិនសង្ស័យ ដែលសារភាពធ្លាប់ជាប់ពន្ធនាគារ ក្នុងប្រទេសរបស់ខ្លួន រយៈពេល៣ឆ្នាំ ពីបទលួច ហើយមកជាប់ខ្នោះនគរបាលខណ្ឌឫស្សីកែវ រឿងដដែល គឺលួចគាស់ទ្ទារផ្ទះលើកយកទូរដែក មានលុយដុល្លារ និងគ្រឿងអល័ង្គការ សរុបជាង៨ម៉ឺនដុល្លារ នៅខណៈដែលជនរងគ្រោះមិននៅផ្ទះ កំពុងស្ថិតក្រោមការឃុំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ ហាស់ កំសាន្ដ

 

 

 


អត្ថបទទាក់ទង