មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីធ្វើអនាម័យសំអាតតាមដងផ្លូវជាតិលេខ៧៨ក្នុងក្រុងបានលុង
រតនគិរី៖ ដើម្បីត្រៀមអបអរសាទរនៃពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក៏ដូចជាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកដែលនឹងឈានចូលមកដល់នាពេលថ្ងៃស្អែកនេះទៅ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរី ដឹកនាំដោយលោក សាយ សាមាន ប្រធានស្តីទី នៅព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ
២០១៩ បានដឹកនាំមន្រ្តីរាជការធ្វើអនាម័យបាញ់ទឹកសម្អាតតាមដងផ្លូវជាតិលេខ៧៨។
លោក សាយ សាមាន បានឲ្យដឹងថាដោយមានការ ណែនាំ ពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តក្នុងការកែលម្អសោភ័ណភាពទីក្រុងបានលុងដើម្បីត្រៀមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានចូលរួមលាងសំអាតតាមដងផ្លូវជាតិលេខ ៧៨ ក្នុងទីរួមខេត្តរតនគិរី ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក៏សូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្តរតនគិរី មេត្តាចូលរួមសំអាតទាំងអស់គ្នា ដើម្បី អនាម័យ សុខសុវត្ថិភាពនិងសុខមាលភាព ជាពិសេសក្នុងការចូលរួមប្រលងប្រណាំងទីក្រុងស្អាតផងដែរ៕ធ.ដ
ដោយ៖ គតិ យុត្ត
