ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) ប្រកាសកិច្ចសហការជាដៃគូរ ជាមួយក្រុមបាល់ទាត់ Manchester City ក្នុងគោលបំណងរួមតែមួយ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) និង ក្រុមបាល់ទាត់ Manchester City បានប្រកាសរួមគ្នាជាផ្លូវការនូវកិច្ច សហការជាដៃគូរពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាតែមួយ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅផ្សារទំនើប NOROMALL នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិត ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ « កិច្ចសហការជាដៃគូរ ពាណិជ្ជកម្មជាមួយក្រុមបាល់ទាត់ Manchester City ដែលជាក្រុមបាល់ទាត់កំពូលប្រចាំ ចក្រភពអង់គ្លេសថ្ងៃនេះ គឹជាសមិទ្ធផលនៃភាពជោគជ័យថ្មីមួយទៀតសម្រាប់ផលិតផល ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) របស់យើង បន្ថែមទៅលើភាពជោគជ័យដែលក្រុមហ៊ុន ដណ្តើមបាននូវចំណែកទីផ្សារមួយចំនែកច្រើន ដូចការរំពឹងទុកសម្រាប់ឆ្នាំ ២០១៩ នេះ។
លោកបន្តទៀតថា  កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងដ៏មានសារៈប្រយោជន៍រួម មួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់កុមារក្រោមអាយុ ១៦ ឆ្នាំ នៅតាមសហគមន៍តែម្តង គឺតាមរយៈវគ្គបង្ហាត់បង្ហាញខ្លីផ្ទាល់ពីគ្រូបង្វឹកផ្ទាល់ក្រុម Manchester City នៅពេលខាងមុខនេះ។
លោកបន្ថែមទៀតថា យើងក៏កំពុងតែពិចារណាទៅលើរង្វាន់បន្ថែមសម្រាប់អ្នកនិយមពិសា ភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ គឺឱកាសឈ្នះបានរង្វាន់ទៅទស្សនកិច្ចចក្រភពអង់គ្លេស និង ទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុម Manchester City ក្នុងពានរង្វាន់  English Premiere League ប្រចាំឆ្នាំ។  

តំណាងក្រុមបាល់ទាត់ Manchester City គឺលោក Stephan Cieplik អគ្គនាយករង និង ជានាយកគ្របគ្រងកិច្ចសហប្រត្តិបត្តការបាល់ទាត់ប្រចាំអាស៊ីប៉ាស៊ីហ្វិក ក៏បានមានប្រសាសន៍ថា “ តាមរយៈការវាយតម្លៃទាំងទៅលើទាំងកេរ្តិ៍ឈ្មោះ គុណភាព និង ប្រភេទភេស្ជៈនេះ បូករួមជាមួយការគាំទ្រដ៏ច្រើនពីពលរដ្ឋកម្ពុជាចំពោះ ភេស្ជៈប៉ូវកម្លាំងវើក យើងអាចសន្មត់បានថា ជាផលិតផលដែលសាកសមបំផុត ក្នុងកិច្ចសហការជាមួយក្រុមបាល់ទាត់របស់យើង ដើម្បីសម្រេចគោលបំណងរួមក្នុងការចូលរួមចំនែកបង្កើនសមត្ថភាព ដល់កុមារក្រោមអាយុ១៦ឆ្នាំ នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា លើវិស័យបាល់ទាត់ ៕