ទីតាំងស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះទៅស្វែងរកភ័ស្ដុតាងបន្ថែមទៀត ក្រោយចាប់ខ្លួនមនុស្ស១០នាក់
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ កម្លាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យដើម្បីរកភ័ស្ដុតាងបន្ថែមទៀត ក្រោយចាប់ខ្លួនមនុស្ស១០នាក់ ពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេររកភ័ស្ដុតាងបន្ថែមទៀត ដោយជាលទ្ធផល កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន សង្ស័យពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ ព្រមទាំងឈានដល់ការបិទទីស្នាក់ការជាបណ្ដោះអាសន្នផងដែរ ។

គួររំលឹកថា លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ១០នាក់ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាមួយ ទណ្ឌិត សម រង្ស៉ី។   មនុស្សចំនួន១០នាក់នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នាំខ្លួនទៅកាន់សាលាដំបូងរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ ពាក់ព័ន្ធលើករណី (រួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៉ី) ហើយពួកគេសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ធ.ដ