គ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកនៅអ៊ីរ៉ង់ ផ្តាច់ជីវិតមនុស្សកើនដល់៥នាក់ និងជាង៣០០នាក់ទៀតរបួស
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់ហើយបានបាត់បង់ជីវិត និង៣០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.០រ៉ិចទ័របានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះមហន្តរាយនេះ បានកើតមានឡើងកាលពីពេលទៀបភ្លឺថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅចម្ងាយប្រមាណ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស និង មានជម្រៅ៥១គីឡូ ម៉ែត្រក្រោមផ្ទៃដី ។

សូមរំលឹកផងដែរថា អ៊ីរ៉ង់ស្ថិតនៅលើតំបន់ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកឡើយ តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និង របួសរាប់រយនាក់ ។

ដោយឡែកនៅឆ្នាំ១៩៩០ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ ក៏បានផ្តាច់ជីវិតមនុស្សប្រមាណ ៤ម៉ឺននាក់ និងបង្កឲ្យរបួសមនុស្ស៣០ម៉ឺននាក់ ព្រមទំាងធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាង៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ៕ធ.ដ


អត្ថបទទាក់ទង