ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

រដ្ឋបាលរាជធានីភ្នំពេញជួបសំណេះសំណាល និងផ្តល់អំណោយដល់ចំណុះទូក ថ្នាក់រាជធានីភ្នំពេញ ជាង៥០ទូកមុនបុណ្យអុំទូកមកដល់
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ និង
ឯកឧត្តម  ប៉ា សុជាតិវង្ស  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះបានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីចំណុះទូកថ្នាក់រាជធានីភ្នំពេញនៅបរិវេណវត្តភ្នំ ដែលបងប្អូននឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃគឺថ្ងៃទី១០.១១.១២វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុខព្រះបរមរាជវាំង។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ចំនួន៥៥ទូក មានចំណុះទូកចំនួន៣៧១៦នាក់និងមានកីឡាបំរុងចំនួន៦១០នាក់។  ឯកឧត្តម ឃួង ស្រេង បានថ្លែង លើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការនីដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កំលាំងកាយចិត្តរួមសាមគ្គីគ្នាដើម្បីដណ្តើម យកជ័យជំនេះ និងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ។ ជាមួយគ្នានេះបងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកំលាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមប្រកួតឲ្យអស់សមត្ថភាព។

ឯកឧត្តមអភិបាលបន្តថា ចិត្តជាកីឡាទោះចាញ់ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិនឹងដើម្បីសុខភាព ។ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា   ពិធីអកអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចំបងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកំរិតខ្ពស់បំផុតជាពិសេសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតក៏ដូចជាមានបំណងបំផ្លាញសន្តិភាព និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិសម រង្ស៉ី ។

ដូច្នេះទេសូមបងប្អូនដើរឲ្យឆ្ងាយ កុំទៅចូលរួមទទួលសជនក្បត់ជាតិ សម រង្ស៉ី បើចូលរួមបងប្អូនមានទោស។ ជាងនេះទៅទៀត សូមបងប្អូនការពារខ្លួនឲ្យបានល្អ ពិសេសការឆ្លងរីករាលដាលនៃជម្ងឺអេដស៍ ស្របពេលនអត្រានៃជម្ងឺអេដស៍ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំប្រឹងប្រែងកែលំអរសោភណ្ឌភាពរាជធានីភ្នំពេញឲ្យស័ក្តសមទៅនឹងមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តម  អភិបាលរាជធានីភ្នំពេញក៏បានចែកមួក និងអាវយឺតដល់ចំណុះទូករាជធានីភ្នំពេញ ទាំងជាង៣០០០នាក់រួមនឹងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់បងប្អូនសំរាប់ការត្រៀមប្រកួត នាពេលខាងមុខនេះដែរ។