ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើតបណ្ដុំឯកសារថ្មីមួយ និងអាចទុកចិត្តបាន ដើម្បីជំនួសគេហទំព័រ Wikipedia
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងក្នុងកិច្ចប្រជុំគណកម្មាធិការភាសារុស្ស៊ីនៅទីក្រុងក្រឹមឡំាងថា រុស្ស៊ីគួរតែមានបណ្តុំឯកសារថ្មីមួយ យកមកជំនួសគេហទំព័រ Wikipedia ដែលក្នុងន័យនេះ លោក ពូទីន ចង់ឲ្យរុស្ស៊ីមានអ្វីជារបស់ខ្លួនឯង ដើម្បីប្រើប្រាស់ ។

ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ច្បាស់ណាស់ គឺចង់សំដៅទៅលើបណ្តុំឯកសាររបស់រុស្ស៊ីមួយ ដែលបានបង្កើតឡើងនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៤ ប៉ុន្តែវាបោះពុម្ភនៅតែលើក្រដាសប៉ុណ្ណោះ ។ ដោយមើលឃើញបែបនេះ រដ្ឋាភិបាលទីក្រុងមូស្គូគ្រោងនឹងចំណាយប្រាក់ប្រមាណ២៦,៧លានដុល្លារ ដើម្បីអភិវឌ្ឍន៍បណ្តុំឯកសារថ្មីនេះទៅជាគេហទំព័រអនឡាញមួយ ដែលស្រដៀងទៅនឹង Wikipedia ក្នុងរយៈពេល៣ឆ្នាំទៀត នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលចេញផ្សាយកាលពីខែសីហាកន្លងទៅ ។

សូមបញ្ជាក់ថា គេហទំព័រ Wikipedia ក្នុងភាសារុស្ស៊ី ត្រូវបានគេស្គាល់ថា Vikipedia ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និង បានចេញផ្សាយអត្ថបទច្រើនជាង១,៥លាន។ នៅក្នុងឆ្នាំ២០១៥ រុស្ស៊ីក៏បានហាមឃាត់គេហទំព័រ Wikipedia បោះពុម្ភនៅអត្ថបទមួយចំនួន ពាក់ព័ន្ធទៅនឹងគ្រឿងញៀនផងដែរ ៕ធ.ដ


អត្ថបទទាក់ទង