សហរដ្ឋអាមេ៉រិក និងចិនកំពុងពិចារណាលើទីតំាងចំនួនពីរ ដើម្បីធ្វើជាទីកន្លែងសម្រាប់ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងមេដឹកនំាប្រទេសទំាងពីរ
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោក និងសមភាគីរបស់លោក គឺលោក ស៊ី ជិនពីង ទំនងជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលលើកដំបូងនៅក្នុងរដ្ឋ អ៊ីយ៉ូវ៉ា ដែលជាទីធ្លាប់មានទំនាក់ទំនងពីអតីតកាលជាមួយលោក ស៊ី ។

ទន្ទឹមគ្នា មន្រ្តីចិនម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ទីក្រុងប៉េកាំងហាក់ចង់រៀបចំជំនួបរវាងមេដឹកនាំទាំងពីរនៅប្រទេសក្រិច ជាទីដែលលោក ស៊ី នឹងត្រូវទៅបំពេញទស្សនកិច្ចនាថ្ងៃអាទិត្យសប្តាហ៍នេះ ប៉ុន្តែបើតាមប្រភពពីមន្រ្តីអាមេ៉រិកនោះ ការចុះហត្ថលេខានៅក្រិចទំនងជាមិនអាចកើតឡើងឡើយ ។ យ៉ាងណាមិញ បើតាមរំពឹងទុកនោះ ភាគីទាំងពីរអាចនឹងជ្រើសរើសទីតាំង ដែលនៅចន្លោះកណ្តាលដូចជាកោះហាវ៉ៃ និង អាឡាស្កាជាដើម សម្រាប់ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ។

សូមជម្រាបជូនផងដែរថា ដំបូងឡើយលោក ដូណាល់ ត្រាំ ចង់ចុះហត្ថលេខាលើកិច្ចព្រមពៀងដំណាក់កាលទី១ ជាមួយលោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអេប៉ិច (APEC) នៅប្រទេសឈីលីក្នុងខែវិច្ឆិកានេះ ប៉ុន្តែរដ្ឋាភិបាលឈីលីបានសម្រេចចិត្តលុបចោលការរៀបចំកិច្ចប្រជុំកំពូលនេះ ដោយសារតែបញ្ហា បាតុកម្ម ៕ធ.ដ


អត្ថបទទាក់ទង