ក្រុមជនជាតិភាគតិចនៅប្រេស៊ីលប្រកាសសុំជំនួយពីអ៊ឺរ៉ុប ដើម្បីការពារព្រៃអាម៉ាហ្សូន
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

មេដឹកនាំជនជាតិភាគតិចប្រេស៊ីល កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសសុំជំនួយនយោបាយពីសហភាពអ៊ឺរ៉ុបដើម្បីការពារព្រៃអាម៉ាហ្សូនដែលកំពុងរងការកាប់បំផ្លាញពីឈ្មួញក្នុងប្រទេស។
សកម្មជនឈ្មោះ Sonia Guajajara ឲ្យដឹងថាក្រុមរបស់អ្នកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ឺរ៉ុបមួយចំនួននៅក្នុងដំណើររយៈពេល ៣៥ថ្ងៃដើម្បីសុំជំនួយ។ គណប្រតិភូនឹងត្រូវជួបប្រជុំជាមួយមេដឹកនាំនយោបាយ និងសាសនា ក្រុមហ៊ុន និងសកម្មជនផ្សេងៗ។

ក្រុមនេះចង់ឲ្យសហគមន៍អ៊ឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានគ្រោងទុកនៅបណ្តាប្រទេសអាមេ៉រិកខាងត្បូងមួយចំនួន ដែលនឹងនាំមកនូវការឈូសឆាយដីអាម៉ាហ្សូនបន្ថែមទៀត។អគ្គិភ័យដែលបានប្រើដើម្បីឈូសឆាយដីនៅក្នុងតំបន់អាម៉ាហ្សូនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែកក្កដា និងសីហាដែលបណ្តាលឱ្យមានប្រកាសអាសន្នអំពីការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នាដែរ ជនជាតិដើមភាគតិចមួយក្រុមបានធ្វើបាតុកម្មនៅខាងក្រៅក្រុមប្រឹក្សាអឺរ៉ុបក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ប្រឆាំងនឹងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន។ការតវ៉ានេះធ្វើឡើងស្របពេលដែលមានការមិនពេញចិត្ត ចំពោះគោលនយោបាយរបស់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលបើកដៃឲ្យមានការកាប់ព្រៃឈើបន្ថែម និងធ្វើឲ្យការការពារបរិស្ថានធ្លាក់ចុះ ក្រោយក្រុមហ៊ុនឈូសឆាយដីដើម្បីធ្វើកសិកម្មពាណិជ្ជកម្ម និងរ៉ែ៕ធ.ដ