ព័ត៌មានទាន់ហេតុការណ៍

ក្នុងត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ ក្រុមហ៊ុន Apple រកចំណូលបាន៦៤ពាន់លានដុល្លារលើសពីការរំពឹងទុក
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖  នៅក្នុងរបាយការណ៍មួយនាពេលថ្មីៗនេះសម្រាប់ត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ ដែលបានបិទបញ្ចប់កាលពីខែកញ្ញាកន្លងទៅ ពោលគឺចាប់ពីដើមខែកក្កដា ដល់ចុងខែកញ្ញា ក្រុមហ៊ុន Apple បានឲ្យដឹងថា ខ្លួនរកចំណូលបាន៦៤ពាន់លានដុល្លារដែលលើសពីការរំពឹងទុក ហើយបើធៀបនឹងកំឡុងពេលដូចគ្នានៃឆ្នាំសារពើពន្ធ២០១៨ គឺច្រើនជាងពីរភាគរយ ។

ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ការរកចំណូលបានដ៏ច្រើនក្នុងត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ២០១៩ គឺមកពីកំណើនយ៉ាងឆាប់រហ័សនៃការលក់ក្នុងផ្នែកសេវាកម្ម ព្រមទាំងឧបករណ៍បំពាក់លើខ្លួនរបស់ Apple ។ លោកបន្ថែមថា នាពេលខាងមុខ Apple សំឡឹងឃើញថា នឹងអាចរកចំណូលបានចន្លោះ៨៥.៥ ទៅ ៨៩.៥ពាន់លានដុល្លារ សម្រាប់ត្រីមាសដំបូងនៃឆ្នាំសារពើពន្ធ២០២០ ដែលនឹងបញ្ចប់នៅខែធ្នូ ឆ្នំាំ២០១៩នេះ ។

គួរបញ្ជាក់ថា អត្រានៃការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ៩.២ភាគរយបើធៀបនឹងឆ្នាំមុន ការលក់ក្នុងផ្នែកផ្សេងទៀតដូចជា សេវាកម្ម និង ឧបករណ៍បំពាក់លើខ្លួនរបស់ Apple បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ។ សម្រាប់ត្រីមាសកន្លងទៅនេះ ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Apple បានកើនឡើងចំណូលរហូតដល់ទឹកប្រាក់១២.៥ពាន់លានដុល្លារ ដែលច្រើនជាងឆ្នាំមុនប្រមាណ២ពាន់លានដុល្លារ ៕ធ.ដ


អត្ថបទទាក់ទង