កូរ៉េខាងត្បូងបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងត្រូវបានរំពឹងថា មានផែនការរៀបចំកិច្ចពិភាក្សានុយក្លេអ៊ែរកម្រិតការងារនាដើមខែធ្នូខាងមុខ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរក្នុងកម្រិតការងារជុំថ្មីផ្សេងទៀត ដែលគ្រោងធ្វើឡើងនាដើមខែធ្នូ ឆ្នំា២០១៩ខាងមុខ នេះបើតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទ ម្សិលមិញ ។

ទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូង NIS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំឡុងសវនកម្មសភាបិទទ្វារមួយថា កូរ៉េខាងជើងបានកំណត់ពេលវេលាត្រឹមចុងឆ្នំា២០១៩នេះ ជាកាលបរិច្ឆេតសម្រាប់កិច្ចចរចាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេ៉រិក ។

ការកត់សម្គាល់បែបនេះរបស់ទីភ្នាក់ងារ NIS ត្រូវបានធ្វើឡើងក្រោយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងបានរៀបចំកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរក្នុងកម្រិតការងារម្តងរួចមកហើយ នៅក្នុងរដ្ឋធានីនៃប្រទេសស៊ុយអែត បន្ទាប់ពីបានជាប់គំាងអស់រយៈពេលជាច្រើនខែ ប៉ុន្តែកិច្ចចរចាគ្នានាពេលនោះ ត្រូវបានទទួលការបរាជ័យ ខណៈកូរ៉េខាងជើងបានទម្លាក់កំហុសនេះលើសហរដ្ឋអាមេ៉រិក ៕ធ.ដ


អត្ថបទទាក់ទង