នាយករដ្ឋមន្ត្រីចិន-ជប៉ុនឆ្លៀតជួបគ្នា អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅបាងកក
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានជួបសន្ទនាជាមួយលោក អាបេ ស៊ីនសូ នាយករដ្ឋមន្ត្រីជប៉ុន។ លោក លី ខឺឈាង បានថ្លែងថា ក្រោមបរិបទដែលសេដ្ឋកិច្ចពិភពលោកកាន់តែធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ ភាគីទាំងពីរចិន និងជប៉ុនសុទ្ធតែមានបំណងប្រាថ្នាចង់គាំពារពហុភាគីនិយម និងពាណិជ្ជកម្មសេរី។

ចិន និងជប៉ុនត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងគ្នាឱ្យកាន់តែស៊ីជ្រៅថែមទៀត ។ ក្នុងឱកាសនៃខួបគម្រប់ ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងចិន-ជប៉ុន-កូរ៉េខាងត្បូងនាឆ្នាំនេះ កិច្ចប្រជុំកំពូលនៃមេដឹកនាំចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី ៨ នឹងបើកធ្វើនៅប្រទេសចិនផងដែរ។ សង្ឃឹមថាឱកាសមួយនេះអាចជំរុញកិច្ចសហប្រតិបត្តិការរវាងត្រីភាគី រួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់។

ជាការឆ្លើយតប លោក អាបេ ស៊ីនសូ បានថ្លែងថា តាំងពីឆ្នាំទៅមិញរៀងមក ឧត្តមមន្ត្រីនៃរដ្ឋាភិបាលជប៉ុន និងចិនបានជួបសន្ទនាជាច្រើនដងដោយបានជំរុញយ៉ាងខ្លាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនជាវិជ្ជមាន​ក្នុងយុគសម័យថ្មី។ ជប៉ុនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្រិតខ្ពស់ជាមួយចិន និងបង្កើនភាពសម្របសម្រួលគ្នាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

លោក អាបេ រំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី ៨ នៅប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យឈានដល់កម្រិតថ្មី៕ធ.ដ


អត្ថបទទាក់ទង