សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅប្រទេសថៃ ប្រកបដោយជោគជ័យ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន នៅទីក្រុងបាងកក ប្រទេសថៃ ទទួលបានលទ្ធផលជោគជ័យ។

សូមបញ្ជាក់ថា កិច្ចប្រជុំដែលបានប្រារព្ធឡើងនៅទីក្រុងបាងកក រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេ៉រិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។

ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន ព្រមទាំងជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ, ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន, នាយករដ្ឋមន្រ្តីរុស្ស៉ី, ប្រធានាធិបតីកូរ៉េខាងត្បូង, ស្តេចស៊ុលតង់នៃប្រទេសប្រុយណេ និងមេដឹកនាំកំពូលនៃប្រទេសជាសមាជិកអាស៊ាន។

ក្រៅពីនោះសម្តេចតេជោ ក៏អញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ ៕ធ.ដ


អត្ថបទទាក់ទង