ការប៉ះទង្គិចគ្នាដោយហិង្សាជាថ្មីទៀតរវាងអាជ្ញាធរអ៊ីរ៉ាក់ និងក្រុមបាតុករ បណ្តាលឲ្យមានមនុស្ស០៥នាក់បន្ថែមទៀតស្លាប់
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្ស៥នាក់បន្ថែមទៀតហើយបានបាត់បង់ជីវិត ក្រោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកការបាញ់ប្រហារដោយប្រើគ្រាប់កំាភ្លើងពិតលើក្រុមបាតុករ ក្នុងរដ្ឋធានី បាកដាដ នៅថ្ងៃចន្ទម្សិលមិញ នេះបើតាមសាក្សី និង អ្នករាយការណ៍ព័ត៌មាននៅកន្លែងកើតហេតុ ។

ការប៉ះទង្គិចគ្នាខាងលើ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី បានអំពាវនាវយ៉ាងទទូចឱ្យក្រុមបាតុករទាំងអស់បញ្ឈប់ការធ្វើបាតុកម្ម និងអំពើហិង្សាជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារស្ថានការណ៍ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។

សូមរំលឹកថា បាតុកម្មតវ៉ានៅអ៊ីរ៉ាក់បានផ្ទុះឡើងចាប់តាំងពីដើមខែតុលា ដោយក្រុមបាតុករបាននាំគ្នាប្រឆាំងជំទាស់ និង ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ប៉ុន្តែបាតុកម្មតវ៉ានេះ បានបង្កជាអំពើហិង្សារវាងអាជ្ញាធរអ៊ីរ៉ាក់ និងក្រុមបាតុករ ហើយជាលទ្ធផលនោះ មានមនុស្សច្រើនជាង២៥០នាក់ហើយបានស្លាប់ ៕ធ.ដ


អត្ថបទទាក់ទង