អ៊ីស្រាអែលចំណាយថវិកាខ្ទង់២០៦លានដុល្លារ ដើម្បីទិញយន្តហោះផ្លូវការសម្រាប់ដឹកមេដឹកនំាំកំពូលរបស់ខ្លួន
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីស្រាអែល៖ ក្រុមហ៊ុនផលិតយន្តហោះ និងគ្រឿងសព្វាវុធអ៊ីស្រាអែល IAI កាលពីចុងសប្តាហ៍មុននេះ បានធ្វើតេស្តហោះហើរជាលើកដំបូងនៃយន្តហោះដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ។

គិតមកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានចំណាយថវិកាខ្ទង់២០៦លានដុល្លារ សម្រាប់ការទិញ និងកែច្នៃយន្តហោះ Boeing នេះដែលធ្លាប់បម្រើជា យន្តហោះដឹកអ្នកដំណើរធម្មតាអស់រយៈពេលជិត២០ឆ្នាំមកហើយ របស់ក្រុមហ៊ុនអាកាសចរណ៍មួយនៅអូស្រ្តាលី ។

យន្តហោះខាងលើជាប្រភេទយន្តហោះ Boeing 767-300ER ដែលត្រូវបានក្រុមហ៊ុន IAI ចំណាយពេលកែច្នៃអស់រយៈពេលប្រមាណជា២ឆ្នាំមកហើយ ដើម្បីឲ្យក្លាយទៅជាយន្តហោះដំបូងគេ ប្រើសម្រាប់ការធ្វើដំណើររបស់នាយករដ្ឋមន្រ្តី និងប្រធានាធិបតីអ៊ីស្រាអែល ។

គួរបញ្ជាក់ថា យន្តហោះនេះមានឈ្មោះផ្លូវការថា 4X-ISR ហើយបើតាមការអះអាងរបស់ក្រុមហ៊ុន IAI គឺវាអាចធ្វើដំណើរដល់សហរដ្ឋអាមេ៉រិក ចិន ជប៉ុន និងប្រេស៊ីល ដោយមិនចាំបាច់ឈប់ឡើយ ។ បន្ថែមលើនេះ វាក៏ត្រូវបានបំពាក់ប្រព័ន្ធទំនាក់ទំនងយ៉ាងទំនើប និងប្រកបដោយសុវត្ថិភាពរឹងមាំផងដែរ ៕ធ.ដ


អត្ថបទទាក់ទង